
អគ្គនាយកកីឡាចាត់ទុកថាទិន្នន័យតាមប្រព័ន្ធ IT គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែប្រសើរ
បើយោងតាមប្រភពក្រសួងព័ត៌មាន(AKP)បានចុះផ្សាយប្រសាសន៍របស់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និង កីឡាបានថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្ដីពីការចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យកីឡាករ-កីឡា ការិនីថ្នាល និងក្រុមជម្រើសជាតិតាមប្រព័ន្ធពត៌មានវិទ្យា កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថា ទិន្នន័យតាមប្រព័ន្ធ ITគឺជាផ្នែកមួយដ៏សំខាន់ក្នុងការ អភិវឌ្ឍវិស័យកីឡា។

ប្រភពព័ត៌មាន: ក្រសួងព័ត៌មាន (AKP)
ឯកឧត្តមបានបញ្ជាក់ថា វគ្គនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ដល់សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវស្នើសុំចូលរួមប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល និង ជម្រើសជាតិឱ្យយល់ដឹងពីការប្រើប្រាស់ គេហទំព័រប្រព័ន្ធចុះឈ្មោះ និងគ្រប់គ្រងក្រុមកីឡា ថ្នាល និងជម្រើសជាតិឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលគ្រប់គ្រងទិន្នន័យ គុណផលកីឡាទៅ តាមប្រភេទនីមួយៗ។ ឯកឧត្តមបានបន្ដថា វគ្គនេះក៏បង្ហាញពីរបៀបចុះឈ្មោះអ្នកប្រើប្រាស់ របៀបគ្រប់គ្រងគណនីអ្នកប្រើប្រាស់ របៀបគ្រប់គ្រងសមាជិក គ្រប់គ្រងកីឡាថ្នាល និង ជម្រើសជាតិ ព្រមទាំងរបៀបគ្រប់គ្រងគុណផលកីឡាករ-កីឡាការិនីផងដែរ។ ចំពោះការចុះ ឈ្មោះ និងគ្រប់គ្រងទិន្នន័យកីឡាករ-កីឡាការិនីនឹងជួយបង្កើនភាពងាយស្រួល កាត់បន្ថយ ពេលវេលាច្រើន សម្រាប់សហព័ន្ធកីឡាជាតិ ម្យ៉ាងទៀតអាចគ្រប់គ្រងទិន្នន័យអត្តពលិក ច្បាស់លាស់ និងរយៈពេលវែងផងដែរ។

ប្រភពព័ត៌មាន: ក្រសួងព័ត៌មាន (AKP)
ឯកឧត្តម អ៊ុក សិទ្ធិជាតិ ក៏បានសំណូមពរដល់សហព័ន្ធជាតិទាំងអស់មិនត្រូវផ្ដល់ ឱកាសឱ្យកីឡាករ-កីឡាការិនីធ្លាប់ដណ្ដើមបានមេដាយកម្រិតពិភពលោក ទ្វីបអាស៊ី ឬ ស៊ីហ្គេមមកធ្វើតេស្តជាមួយកីឡាវ័យក្មេងនោះទេ ដែលការធ្វើបែបនេះគឺជាការធ្វើឱ្យ កីឡាករ វ័យក្មេងបាត់បង់ឱកាស ដែលនេះជាការបំបាក់ទឹកចិត្តដល់ថ្នាលយុវជនជំនាន់ក្រោយ។

ប្រភពព័ត៌មាន: ក្រសួងព័ត៌មាន (AKP)
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឱ្យដឹងថា វគ្គនេះមាន សិក្ខា កាមចូលរួមចំនួន៨០នាក់ មកពី៣៤សហព័ន្ធកីឡាជាតិ ដែលមានកីឡាករ-កីឡាការិនី ត្រូវការប្រមូលផ្ដុំ ក្នុងក្រុមជម្រើសជាតិ សម្រាប់ឆ្នាំ២០១៩ ដោយមួយសហព័ន្ធចូលរួម២នាក់ គឺអគ្គលេខាធិការ និងមន្ត្រីព័ត៌មានវិទ្យារបស់សហព័ន្ធ ក្រៅពីនោះក៏មានគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា៕
ប្រភពព័ត៌មាន: ក្រសួងព័ត៌មាន (AKP)