
មិនត្រឹមតែក្លឹប La Nucia ទេ សូម្បីតែចៅហ្វាយតំបន់នេះក៏ចង់បាន ពលរដ្ឋ និងកក្កដា ទៅអេស្ប៉ាញដែរ
មិនត្រឹមតែក្លឹប La Nucia របស់អេស្ប៉ាញទេដែលចង់អោយកីឡាករកម្ពុជាទាំងពីរដែលមាន ច្រឹង ពលរដ្ឋ និង ស៊ិន កក្កដា ទៅចូលរួមចូលរួមជាមួយកម្មវិធី Training Camp របស់ពួកគេ សូម្បីតែចៅហ្វាយនៅក្នុងសង្កាត់ La Nucia ក្រុង Valencia ក៏បានគាំទ្រចំពោះវត្តមានរបស់ កីឡាករវ័យក្មេងកម្ពុជាទាំងនេះដែរ ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់ក្នុងតំបន់របស់គាត់ អោយកាន់តែរីកចម្រើនបន្ថែមទៀត នេះបើតាមការអោយដឹងរបស់ភ្នាក់ងារ កីឡាករទាំងពីរនេះ។
ក្លិប CF La Nucia ឬ ឈ្មោះពេញ Club de Futbol La Nucia បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេអញ្ជើញកីឡាករកម្ពុជាទៅ ចូលរួមកម្មវិធីខាងលើដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម។ កម្មវិធីចាប់ផ្ដើមពីខែមិថុនាឆ្នាំ២០១៨នេះ រហូតដល់ខែមិថុនាឆ្នាំ២០២០ឯណោះ។ ការហាត់រៀនពីបាល់ទាត់នៅតំបន់អឺរ៉ុបនេះ នឹងធ្វើឡើង៥ថ្ងៃ ក្នុងមួយសប្ដាហ៍ និងមានការប្រកួតមិត្តភាព រៀងរាល់ចុងសប្ដាហ៍ ផងដែរ ។

ស៊ិន កក្កដា
ស៊ិន កក្កដា ដែលជាយុវជនរបស់ក្លិបភ្នំពេញក្រោន និង ច្រឹង ពលរដ្ឋ សមាជិករបស់ក្លិប ក្រសួងការពារជាតិ ព្រមព្រៀងចំពោះលក្ខខណ្ឌផ្ទាល់ខ្លួនរួចអស់ហើយ ពោលរង់ចាំតែ ទិដ្ឋាការស្ថានទូតប៉ុណ្ណោះ។ បើសិនមានការយល់ព្រមពីស្ថានទូតនោះអ្នកទាំងពីរនឹងចេញទៅអេស្ប៉ាញ នាខែ កក្កដា ខាងមុខ ។

ច្រឹង ពលរដ្ឋ
ក្លិប CF La Nucia កកើតនៅឆ្នាំ ១៩៩៥ ដែលស្ថិតនៅក្រុង Valencia លេងនៅក្របខ័ណ្ឌ Tercera Division។ ក្របខ័ណ្ឌ Tercera Division ស្ថិតនៅលំដាប់ទី៤ នៃលីគបាល់ទាត់ប្រទេសអេស្ប៉ាញ បន្ទាប់ពីលីគលំដាប់ទី ១ La Liga លីគលំដាប់ទី២ Segunda División និង លីគលំដាប់ទី៣ Segunda B ៕

CF La Nucia