U22 ឥណ្ឌូនេស៊ីត្រៀមសមជើង៤ប្រកួតមុនមកកម្ពុជាប្រកួតស៊ីហ្គេម
ជាមួយនឹងការប្រកួតកីឡា SEA Games លើកទី៣២ នៅសល់មិនដល់មួយខែផង ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ឥណ្ឌូនេស៊ី បានរៀបចំការប្រកួតមិត្តភាពចំនួន ៤ ដើម្បីពង្រឹងក្រុមបន្ថែមទៀត។
បន្ទាប់ពីការចាប់ពូលជាផ្លូវការសម្រាប់ព្រឹតិ្តការណ៍កីឡាបាល់ទាត់បុរសកាលពីដើមសប្តាហ៍មុន លោក Indra Sjafri គ្រូបង្វឹករបស់ប្រទេសឥណ្ឌូនេស៊ីកំពុងរៀបចំក្រុមយ៉ាងម៉ត់ចត់ដើម្បីឆ្ពោះទៅឈ្នះមេដាយមាសស៊ីហ្គេមជាលើកដំបូងរបស់ប្រទេសក្នុងរយៈពេល២៣ឆ្នាំ។
“យើងនឹងប្រកួតជាមួយ Bhaya1ngkara FC មុនគេ (នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣)។ បន្ទាប់មក នៅថ្ងៃទី១៤ និង១៦ ខែមេសា ឆ្នាំ២០២៣ យើងនឹងធ្វើនៅលើទឹកដីលីបង់។ សម្រាប់ការប្រកួតមិត្តភាពចុងក្រោយនៅថ្ងៃទី១៨ ឬ ១៩ ខែមេសា ឆ្នាំ២០២៣ យើងនឹងលេងហ្គេមមួយផ្សេងទៀតជាមួយនឹងគូប្រកួតដែលមិនទាន់ត្រូវបានបញ្ជាក់។” នេះជាការបញ្ជាក់របស់គ្រូបង្គោលក្រុម U22 ឥណ្ឌូនេស៊ី។
សម្រាប់ស៊ីហ្គេមឆ្នាំនេះ ឥណ្ឌូណេស៊ីស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។
ក្រុមនឹងចេញដំណើរមកកម្ពុជានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣៕