រឿងគួរដឹងពីអ៊ុយក្រែនក្រោយទម្លាក់ស៊ុយអែតពី Euro
នេះជាលើកដំបូងហើយដែលក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែនបានឡើងទៅដល់វគ្គ៨ក្រុមចុងក្រោយ UEFA Euro ចាប់តាំងពីបានចូលរួមដល់ដំណាក់កាល Final Round បាន៣លើកទាំងឆ្នាំ២០២០នេះ។
អ៊ុយក្រែនបានចូលរួមព្រឹត្តិការណ៍ Euro ជុំ Final Round នេះលើកដំបូងក្នុងឆ្នាំ២០១២ ដែលកាលណោះពួកគេជាសហម្ចាស់ផ្ទះជាមួយប៉ូឡូញ។ នាពេលនោះពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ពូល D មានន័យថា ធ្លាក់ត្រឹមវគ្គចែកពូល ដោយមានតែ៣ពិន្ទុពីការឈ្នះស៊ុយអែត។
ក្នុងការប្រកួតលើកទី២របស់អ៊ុយក្រែនក្នុងឆ្នាំ២០១៦ ពួកគេក៏ធ្លាក់ត្រឹមវគ្គចែកពូល និងគ្មានពិន្ទុសោះ ពោលចាញ់ទាំង៣លើក។
ប៉ុន្តែក្នុងការចូលរួមជាលើកទី៣នេះ ក្រុមដែលកំពុងដឹកនាំដោយវីរបុរស Andriy Shevchenko បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ៣ល្អ ហើយក៏យកឈ្នះស៊ុយអែត ២ទល់នឹង១នៅវគ្គ១៦ក្រុម។ ដូច្នេះអ៊ុយក្រែនបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាលើកដំបូង។
ក្នុងការប្រកួតជាមួយស៊ុយអែតនេះដែរ ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ក្នុងម៉ោងធម្មតា។ ជាសំណាងល្អសម្រាប់អ៊ុយក្រែន ដោយ Artem Dovbyk រកគ្រាប់ជ័យជម្នះបានក្នុងនាទី១២០+១។ អ៊ុយក្រែននឹងបន្តប៉ះអង់គ្លេស ក្នុងវគ្គ៨ក្រុមជាលើកដំបូងនេះនៅថ្ងៃទី០៣ ខែកក្កដា នាក្រុងរ៉ូម ប្រទេសអ៊ីតាលី៕