
បុរសម្នាក់ត្រូវបានសម្លាប់នៅប្រទេសកេនយ៉ាបន្ទាប់ពីបានចំអកដាក់អ្នកគាំទ្រក្រុម Arsenal ក្រោយពេលដែល កាំភ្លើងធំ បានចាញ់ Wolves
(BC-99)
បុរសវ័យកណ្តាលម្នាក់ត្រូវបានគេវាយចំក្បាលនឹងដុំថ្មនៅពេលដែលគាត់បាននិយាយចំអកដល់អ្នកគាំទ្ររបស់ក្រុម Arsenal បន្ទាប់ពីក្រុមមួយនេះបានចាញ់ក្រុម Wolves ដោយលទ្ធផល ១-២។
នាទីក្រុង Kinamba ឋិតនៅក្នុងប្រទេស កេនយ៉ា មានកើតរឿងប្រទូសរ៉ាយមួយដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅលើដងវិថី Naivasha-Kirima បន្ទាប់ពីជនដៃដល់បានប្រើដុំថ្មវាយបំបែកក្បាល។ បើតាមសាក្សីម្នាក់ឈ្មោះ Peter បាននិយាយរៀបរាប់ពីហេតុការណ៍នេះថា វាបានកើតឡើងនៅបារមួយកន្លែងដែលបានផ្សាយការប្រកួតរវាង Arsenal និង Wolves។ នៅពេលដែលការប្រកួតនេះបានបញ្ចប់មិនទាន់បានស្រួលបួលផង ស្រាប់តែជនរងគ្រោះបានស្រែកចំអកឱ្យអ្នកគាំទ្រ Arsenal អំពីបរាជ័យនេះ។ ភ្លាមៗដែរក៏មានជនដៃដល់យកដុំថ្មវ់ៃតម្រង់ក្បាលជនរងគ្រោះតែម្តង។ សាក្សីរូបនេះបានបញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះមិនទាន់ស្លាប់ភ្លាមនោះទេ ដោយបុរសកម្សត់ម្នាក់នោះបានរត់គេចបំណងឱ្យគេជួយនៅស្ថានីយ៍សាំងដែលនៅក្បែរនោះ បន្ទាប់មកគាត់ក៏ដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។
សាក្សីផ្សេងទៀតដែលមិនប្រាប់ឈ្មោះបានប្រាប់ឱ្យដឹងដែរថា ការពិតទៅពួកគេមានជម្លោះតាំងពីនៅក្នុងបារមកម៉្លេះ បន្ទាប់មកសន្តិសុខបារក៏បណ្តេញពួកគេចេញរួចក៏កើតមានហេុតអកុសលនេះតែម្តង។ ប៉ូលីសនៅក្នុងតំបន់ក៏កំពុងតែកំនត់អត្តសញ្ញាណជនដៃដល់យកមកដល់ផ្តន្ទាទោសផងដែរ។