គ្រូបង្វឹកថ្មី ឃឹម បូរី រកបានពាន១ឲ្យណាហ្គាវើលដ៍
ណាហ្គាវើលដ៍បានលើកពានមិត្តភាព Cambodia Airways Cup 2022 ដោយយកឈ្នះម្ចាស់ផ្ទះបឹងកេត ០ទល់នឹង២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ។
នេះជាពានរង្វាន់ដំបូងក្នុងឆ្នាំ២០២២របស់ណាហ្គាវើលដ៍ និងជាពានទី១ក្នុងរដូវកាលទី១របស់លោក ឃឹម បូរី ក្នុងនាមជាគ្រូបង្វឹកក្រុមធំ (First Team Coach)។
លោក ឃឹម បូរី បានចូលនិវត្តន៍ពីអាជីពជាកីឡាករនាដំណាច់រដូវកាល២០២១ និងត្រូវបានណាហ្គាវើលដ៍តែងតាំងជា First Team Coach តែម្ដង ដោយដឹកនាំបង្ហាត់ក្រុម និងរៀបចំតាក់ទិច។ ដោយសារតែលោកមានត្រឹម B-License នៅឡើយ ទើបមិនទាន់អាចជាគ្រូធំ (Head Coach) ពេញសិទ្ធិ។ សម្រាប់អ្នកដើរតួជាគ្រូធំ គឺលោក Jose Borges Alves ដែលជានាយកបច្ចេកទេសក្លិបផងដែរ។
គួររំឭកថា ឃឹម បូរី បានចូលហ្វឹកហាត់បាល់ទាត់ដំបូងនៅក្រសួងការពារជាតិអំឡុងឆ្នាំ២០០០ និង ជាប់ជម្រើសជាតិពីចន្លោះឆ្នាំ២០០៧ដល់២០១៥។
ម្ចាស់ស្បែកជើងមាស MCL ២០០៨ដដែលក៏ធ្លាប់ចំណាយពេលលេងឲ្យក្លិប Sisaket នៅលីគកំពូលថៃ លើកិច្ចសន្យាខ្ចីពីភ្នំពេញក្រោន កាលឆ្នាំ២០១១ ផងដែរ។ ពីឆ្នាំ២០១៥ដល់ចប់រដូវកាល២០២១ គេលេងនៅណាហ្គាវើលដ៍៕