តារាឆ្នើមៗរបស់ Man Utd មកហ្វឹកហាត់ជុំគ្នាមុនការប្រកួតជាមួយ Man City ចូលមកដល់នៅថ្ងៃអាទិត្យនេះ
(BC-99)
ដោយមាន Maguire ជាប្រធានក្រុមបានធ្វើអោយបិសាចក្រហម Manchester United រក្សាបាននូវការរក្សាសំណាញ់ទីអោយទទេរស្អាតចំនួន ៦ ដងក្នុងចំណោមការបង្ហាញខ្លួនចំនួន ៨ លើកចុងក្រោយរបស់គេ ហើយនៅពេលនេះគេបានដឹកនាំក្រុមធ្វើការហ្វឹកហាត់ត្រៀមខ្លួនប្រកួតជាមួយគូប្រជែងក្នុងក្រុងតែមួយ Manchester City នៅថ្ងៃអាទិត្យទី៨នេះ។
Marcus Rashford និង Paul Pogba នៅតែមិនអាចមានវត្តមានពេលជួបជាមួយក្រុមរបស់ Pep Guardiola ដដែល ក៏ប៉ុន្តេអ្នកទាំងពីរក៏ត្រូវបានគេប្រទះឃើញនាទីលានហ្វឹកហាត់ Carrington កាលពីពេលម្សឹលម៉ិញនេះដែរ ហើយវាក៏បានក្លាយជាចម្ងល់មួយដែលអាចបកស្រាយបានកាន់តែច្បាស់នៅពេលការប្រកួតចូលមកដល់។ Odion Ighalo ដែលបានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ពេល Man Utd យកឈ្នះ Derby County ៣-០ ត្រូវបានក្លាយជាចំណាប់អារម្មណ៍របស់ Ole Gunnar Solskjaer ដោយបានកត់សម្គាល់ថាគេក៏ជាកីឡាករដែលត្រូវតែមានមុខក្នុងពេលប្រកួតរវាង Man Utd-Man City នេះ។
សន្លឹកបៀរដ៏សំខាន់របស់លោក Ole នៅតែជាកីឡាករឆ្នើមប្រចាំខែរបស់ក្រុម Bruno Fernandez។ ខ្សែបម្រើសញ្ជាតិ ព័រទុហ្កាល់ រូបនេះបានជួយអោយក្រុមទាំងមូលមានចង្វាក់លេងដ៏ល្អឡើងវិញចាប់តាំងពីការប្រកួតជាលើកដំបូងរបស់គេ ហើយវាអាចកាន់តែធ្វើអោយល្អថែមទៀតនៅក្នុងការប្រកួតនាទីលាន Old Trafford នៅចុងសប្តាហ៍នេះ។ លោក Ole បាននិយាយប្រាប់អ្នកយកព័ត៌មានថា ជ័យជម្នះលើ Man City គឺជារឿងដ៏ចាំបាច់ដែលអាចធ្វើអោយក្រុមរបស់លោកប្រជែងកាន់តែកៀកចូលទៅតំបន់ Top 4 ហើយលោកបានគិតថាជំនួបមួយនេះគឺជារឿងមួយដ៏កក្រើកក្នុងពិភពបាល់ទាត់។
គួររម្លឹកដែរថានៅរដូវកាលនេះក្រុមទាំងពីរបានប៉ះគ្នាចំនួន៣ដងរួចមកហើយ ដោយក្នុងនោះជំនួប២ដងក្នុងក្របខណ្ឌ EFL Cup ក្រុមទាំងពីរឈ្នះម្តងចាញ់ម្តងដូចគ្នាតែ Man Utd ត្រូវបានទម្លាក់ចេញដោយលទ្ធផលសរុបទាំងពីរជើង Man City 3-2 Man Utd។ ដោយឡែកជំនួបគ្នាកាលពីជើងទីមួយក្របខណ្ឌ Premier League នៅទឹកដី Etihad Man City បានចាញ់ក្រុម Man Utd ដោយលទ្ធផល ១-២។ ជំនួបរបស់ក្រុមទាំងពីរក៏មានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ CTN MYTV និង CNC ផងដែរនៅយប់ថ្ងៃអាទិត្យទី ៨ មីនា នេះចាប់ពីវេលាម៉ោង ២៣:១៥ តទៅ។