ឡៅ ចិត្រា បានកំណត់ចំណុចខ្សោយរបស់ រុងណាផា រួចរាល់ហើយ
មុនជួបអ្នកប្រដាល់របស់ថៃ រុងណាផា ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់នៅថ្ងៃ សៅរ៍ ទី ០៧ កុម្ភៈ នេះកីឡាករគុនខ្មែរ ឡៅ ចិត្រា បានហ្វឹកហាត់ត្រៀមខ្លួននិងកំណត់អំពីចំណុចខ្សោយនិងចំណុចខ្លាំងរបស់កីឡាករថៃ រួចរាល់អស់ហើយ ។ ប្អូនប្រុសរបស់ ឡៅ ចន្ទ្រា បានបញ្ជាក់ថា បងប្រុសរបស់គេដែលប៉ះកីឡាករថៃម្នាក់នេះបានប្រាប់ចំណុចល្អខ្លះៗ រួមទាំងការតាមដានរបស់គេផ្ទាល់បានដឹងថាពោះទឹកជាចំំណុចដែលគេមើលឃើញថាជាចំណុចខ្សោយរបស់ដៃគូ ហើយចំណុងខ្លាំងរបស់គេគឺដៃនិងកែងឆ្វេងដែលត្រូវប្រយ័ត្ន ។
រុងណាផា ធ្លាប់ជួបកីឡាករគុនខ្មែរច្រើនរួចមកហើយ រួមទាំងបងប្រុសរបស់ ឡៅ ចិត្រា ចំនួនពីរដងផងដែរដោយកាលនោះគឺចាញ់សន្លប់ម្តង និងចាញ់ពិន្ទុម្តង ខណៈការប្រកួតលើចុងក្រោយរបស់គេនៅទឹកដីកម្ពុជាបានយកឈ្នះកីឡាករ មឿន សុខហ៊ុច ដោយពិន្ទុ ចំណែក ឡៅ ចិត្រា ប្រកួតចុងក្រោយនាសង្វៀន CBS បានផ្តួលកីឡាករ អ៊ូបេគីស្ថាន ត្រឹមទឹកទី១ ។ នេះជាលើកទី១ហើយដែលអ្នកទាំងពីរជួបគ្នា ដោយការប្រកួតចាប់ផ្តើមពីម៉ោង ៦ ល្ងាចនិងផ្សាយផ្ទាល់តាម ទូរទស្សន៍ CNC ៕