ក្លិប គិរីវង់ ប្រកាសខ្សែប្រយុទ្ធប្រេស៊ីលធ្លាប់លេងលីគកំពូលវៀតណាម
ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ បានប្រកាសជាផ្លូវការសម្រាប់សមាជិកថ្មីគឺកីឡាករ Osmar Francisco Moreira Jesuino ជាកីឡាបរទេសទី៤ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ ដែលចាប់ផ្ដើមក្នុងសប្តាហ៍នេះ ។
ខ្សែប្រយុទ្ធ សញ្ជាតិប្រេស៊ីល រូបនេះ ធ្លាប់បានប្រកបអាជីបបាល់ទាត់នៅប្រទេសជប៉ុនលីគលំដាប់ទី២ ជាមួយក្លិប Fukuoka Avispa ហើយបានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសវៀតណាមពីររដូវកាលជាមួយនឹងក្លិប CLB Bóng Đá Hoàng Anh Gia Lai ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះក៏ធ្លាប់លេងអោយក្លិបជាច្រើននៅប្រទេសកំណើត ផងដែរ មុនមកដល់ទឹកដីកម្ពុជា ។
សូមបញ្ជាក់ថា នៅថ្ងៃទី ០៧ មិនាសប្តាហ៍ទី១ នៃការប្រកួតលីគកំពូលកម្ពុជា គិរីវង់សុខសែនជ័យ នឹងបើកកីឡាដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម អាស៊ី អឺរ៉ុប វេលាម៉ោង ៣:៣០ នាទីរសៀល ៕