
ក្រោយផ្ទេរពី Real Madrid ខ្សែប្រយុទ្ធ Cristiano Ronaldo ថាចង់ឈ្នះពានជាមួយ Juventus
ក្រុមសេះបង្កង់ Juventus បានធ្វើពិធីបង្ហាញខ្លួនខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាសមាជិកថ្មីរបស់ពួកគេជាផ្លូវការនៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ នាកីឡដ្ឋាន Allianz។
Ronaldo បានធ្វើការពិនិត្យសុខភាពនៅ J-Medical នាទីក្រុង Turin នាទីក្រុង Turin រួចរាល់ ខណៈអ្នកគាំទ្រ Juventus ជាច្រើនបានមករង់ចាំយ៉ាងរំភើបដើម្បីស្វាគមន៍ការមកដល់របស់ CR7 កាលពីម្សិលមិញ។
ថ្លែងក្នុងសន្និសិតកាលពីម្សិលមិញ ម្ចាស់បាល់មាស៥សម័យបានឲ្យដឹងថា៖ “ខ្ញុំចង់ឈ្នះពាននៅទីនេះជាមួយ Juventus ហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងភាពជឿជាក់ក្នុងការប្រកួតប្រជែងថ្មីនេះ។”
អតីតសមាជិក Sporting Lisbon និង Manchester United ខាងលើត្រូវបានគេរាយការណ៍មកថានឹងទទួលបានថ្លៃនឿយហត់៥សែនផោនក្នុងមួយសប្ដាហ៍អំឡុងកិច្ចសន្យា៤ឆ្នាំនៅ Juventus។ គួររំលឹកថា ក្លិបយក្សអ៊ីតាលីខាងលើបានបំពេញការផ្ទេរយកខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូកាលពីថ្ងៃអង្គារទី១០ខែកក្កដា។