អតីតកីឡាករ Arsenal Alexander Hleb និយាយថា“នៅក្នុងប្រទេសបេឡារុសគ្មាននរណាយកចិត្តទុកដាក់ចំពោះវីរុស Covid19 ទេ!
(BC-99)
នេះគឺជាទីលានបាល់ទាត់ចុងក្រោយរបស់អ៊ឺរ៉ុបដែលប្រធានាធិបតីនៃប្រទេសមួយនេះមានការជឿជាក់ថា “ការអោយមនុស្សឋិតក្នុងផ្ទះ” គឺជាវិធីព្យាបាលវីរុសដែលអាចសម្លាប់មនុស្សបានទៅវិញ។
អតីតតារាឆ្នើមរបស់ក្រុម Arsenal និងក្លឹប Barcelona លោក Alexander Hleb បានសារភាពថា“ គ្មាននរណាម្នាក់យកចិត្តទុកដាក់” ចំពោះ វីរុសកូវីដ១៩ នៅ បេឡារុស ដែលជាប្រទេសជាកំណើតរបស់លោកឡើយ។
បើទោះជា UEFA បានជជែកដេញដោលគ្នាអំពីវិធីទប់ស្កាត់ការរីករាលដាលជំងឺប្រភេទនេះទៅកាន់បណ្តាសមាជិកខ្លួនអោយផ្អាកការប្រកួតប្រជែងជាបណ្តោះអាសន្ននិងកំពុងរកដំណោះស្រាយអោយមានកម្មវិធីប្រកួតដូចធម្មតានៅពេលខាងមុខយ៉ាងណាក្តីក៏គេឃើញមានការប្រកួតបើករដូវកាលថ្មីនៃក្របខណ្ឌបាល់ទាត់ បេឡារុស ដែលបានធ្វើឡើងនៅវេលាម៉ោង ២ រសៀលក្នុងរដ្ឋធានី Minsk ដោយក្រុម Energetyk-BGU បានធ្វើការប្រកួតជាមួយក្រុមខ្លាំង BATE Borisov ដែរ។
កីឡាករ Minnows បានជួយអោយក្រុម Energetyk-BGU របស់ខ្លួនទទួលជ័យជម្នះ ៣-១ លើក្លិប BATE Borisov ដែលធ្លាប់ឈ្នះពានដ៏ច្រើននៅពីមុខអ្នកគាំទ្រ ៧៣០ នាក់ដែលជាចំនួនពាក់កណ្តាលសម្រាប់អ្នកចូលរួមទស្សនាក្នុងទីលានរបស់សាកលវិទ្យាល័យរដ្ឋមួយនេះ។
Hleb ដែលបានព្យួរស្បែកជើងបាល់ទាត់នៅក្លឹប Isloch Minsk បានធ្វើការបរិយាយថា លោកមិននៅមើលការប្រកួតនេះទេ ប៉ុន្តែមានការប្រុងប្រយ័ត្នតិចតួចណាស់ដែលត្រូវបានអនុវត្តនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសបេឡារុស្ស។ លោកក៏បានបន្ថែមទៀតថា ពិភពលោកទាំងមូលកំពុងតែមានការភ័យខ្លាចចំពោះមេរោគដែលកំពុងរាតត្បាត Covid19 ថ្វីត្បិតតែប្រទេសរបស់លោកមានអ្នកជំងឺនេះចំនួន ៥១ ករណីក៏ដោយក៏ប្រជាជនរបស់លោកមានជំនឿផ្សេងអំពីការឆ្លងខុសពីប្រជាជនដទៃនៅលើពិភពលោក។
នៅពេលដែលនិយាយពីវិរុសនេះ Hleb បាននិយាយបញ្ចើចបញ្ចាល់ថែមទៀតថា បើក្របខណ្ឌបាល់ទាត់នៅបណ្តាប្រទេសអឺរ៉ុបបិទអស់ ហើយបើ UEFA Champions League និង EUROPA League ក៏បិទអស់ដែរ Ronaldo និង Messi គួរតែមកប្រទេសនៅអឺរ៉ុបខាងកើតមួយនេះដែលជាទីកន្លែងដ៏ល្អសម្រាប់ប្រកួតប្រជែងបាល់ទាត់។