អ្នកចាំទី Dean Henderson បានរួមចំណែកយ៉ាងល្អក្នុងជ័យជម្នះរបស់ Manchester United លើ Brighton & Hove Albion ឡើងទៅកាន់វគ្គ៨ក្រុមពានរង្វាន់ League Cup នៅថ្ងៃពុធ ទី៣០ ខែកញ្ញា។

ជាក់ស្ដែង នាទី៦៧ Joel Veltman បានបញ្ជូនបាល់ដល់ Leandro Trossard ស៊ុតពីចម្ងាយ១៥ ម៉ែត្រ តែត្រូវអ្នកចាំទី Henderson សង្គ្រោះបាន។ កីឡាករវ័យ២៣ឆ្នាំបានរក្សាលំនឹងក្រុមពីការដាក់សម្ពាធពីម្ចាស់ផ្ទះច្រើនលើកច្រើនសា។

Henderson បានទទួលការកោតសរសើរជាច្រើននៅលើបណ្តាញសង្គមបន្ទាប់ពីការប្រកួតបញ្ចប់។

អ្នកគាំទ្ររបស់ Sikdar បាននិយាយថា “ចងចាំឈ្មោះ Dean Henderson ទុក។ គាត់នឹងក្លាយជាអ្នកចាំទីកំពូលម្នាក់នៅលើពិភពលោក”។

ចំណែកអ្នកទស្សនាម្នាក់ទៀតបាននិយាយថា“ ការសង្គ្រោះបាល់លំដាប់ពិភពលោក” ។

ចាប់តាំងពីការចុះកុងត្រាថ្មីជាមួយ Man Utd មក Henderson ត្រូវបានផ្តល់ឱកាសជាប់ឈ្មោះនៅកៅអីបម្រុង Premier League ពីរលើក និងចូលលេង League Cup ពីរដង ហើយថែមទាំង Clean Sheet ទាំងពីរដងទៀត។

គួរបញ្ជាក់ថា Manchester United បានយកឈ្នះ Brighton ដោយលទ្ធផល០ទល់នឹង៣ ដែលរកបានដោយ Scott McTominay, Juan Mata និង Paul Pogba៕