(BC-99)

បន្ទាប់ពី Virgil van Dijk រង​របួសជង្គង់ធ្ងន់ធ្ងរអតីត​កីឡាករ​និង​ជា​វិរបុរស​របស់​ហង្ស​ក្រហម Jamie Carragher បាន​ផ្តល់​ជាយោបល់​ឱ្យ​ Liverpool ត្រូវ​តែ​រក​ខ្សែការពារ​ថ្មី​នៅ​អំលុង​ទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។

ក្នុង​អំឡុងពេល​ប្រកួត​តង់ទី ១ ជាមួយ​ក្រុម​គូប្រជែង Merseyside Everton-Van Dijk ក៏​ត្រូវ​រង​របួសជង្គង់​​យ៉ាងដំណំដោយសារតែការប៉ះ​គ្នា​ជា​មួយ​អ្នកចាំទី Jordan Pickford ។ អវត្ត​មាន​របស់​គេ​នៅ​ពេល​នោះ​អាច​ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឱ្យ Liverpool បញ្ចប់​ការ​ប្រកួត​ដោយ​បន្សល់​ទុក​លទ្ធផល ២-២​ ជាមួយ Everton ។

ក្រោយ​ពីបាន​ស្កែនពិនិត្យ​របួស​រួច​មក​របាយការណ៍​បានចេញ​ជាលទ្ធផល​ថាកីឡាករ​ខ្សែ​ការពារ​ជម្រើស​ជាតិ ហុល្លង់ ម្នាក់នេះ​ត្រូវ​អវត្តមាន​ពី​ទីលាន​យ៉ាង​ហោច​ណាស់​ពេញ​មួយ​រដូវកាលដែលនៅសេស​សល់។

ជាការ​ក្រើន​រម្លឹក​ដល់​ក្រុម​ការពារ​តំណែងជើងឯករដូវ​កាល​ចាស់​អតីត​កីឡាករ​ Liverpool​ Carragher បាននិយាយ​តាមរយៈ​ទូរទស្សន៍ Sky Sports ថា៖“សំណួរដ៏ធំនៅ​ពេលនេះគឺតើ Liverpool អាចឈ្នះពាន​ដោយគ្មាន Van Dijk ឬ​ទេ? ថ្វី​ត្បិត​តែ​គេ​គ្រាន់​តែ​ចំណែក​មួយ តែ​សមិទ្ធផល​របស់​ក្រុម​យើង​ក៏​បាន​មក​ពី​ចំណែក​ដែល​គេ​បាន​ចូល​រួម​ដែរ។ ខ្ញុំគិតថាវានឹងធ្វើឱ្យការប្រជែង​ដណ្តើមជើងឯកកាន់​តែ​តាន​តឹង​ពេល​គ្មាន​រូប​គេ​។ Liverpool ប្រាកដណាស់​ត្រូវ​តែ​រួស​រាន់​រក​ខ្សែការពារ​ដ៏​រឹង​មាំ​ណា​ម្នាក់​យក​មក​ជំនួស​តំណែង​នេះ​”​

(Photo Getty Images)

ក្រុមហង្ស​ក្រហមដែល​ដឹកនាំ​ដោយ​លោក Jurgen Klopp នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រកួត​នា​ប្រទេស​ហុល្លង់​ជាមួយ​ក្រុម Ajax សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្របខណ្ឌ UEFA Champions League នា​យប់​ថ្ងៃ​ពុធ​នេះ​រួច​បន្ត​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​ Sheffield United នៅ​ Premier League នា​រាត្រី​ថ្ងៃ​អាទិ្យ​ចុង​សប្តាហ៍​នេះ​ដែរ​។