មកដឹងថ្លៃចំណាយលើការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ គឺបានចំណាយថវិកាចំនួន ១១៨លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីយូរមកហើយ។ នេះជាប្រសាសន៍សម្តេចពិជ័យសេនា នៅក្នុងសន្និសីទសារព័ត៌មាន កាលល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការចំណាយក្នុងរង្វង់ ១១៨លានដុល្លារនេះ គឺគិតទាំងពីការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង តាំងពី៣ឆ្នាំមុនមកជាបន្តបន្ទាប់ ដោយសារការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ឱ្យមានលក្ខណៈសុក្រឹត ស្របតាមស្តង់ដាអន្តរជាតិ ទៅតាមប្រភេទកីឡានីមួយៗ។
«ថវិកានេះបូកបញ្ជូលទាំងការចំណាយផ្សេងៗ ដូចជាការជួលមជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ OCIC ទាំងមូល សម្រាប់ការរៀបចំការប្រកួតកីឡាក្នុងសាលមួយចំនួន ព្រមទាំងការចំណាយលើផ្នែកកីឡាពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងផ្នែកកីឡាជនពិការ។ បូករួមទាំងការចំណាយផ្សេងៗទៀតជាច្រើន ដូចជាបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា នៅក្រៅប្រទេស ដូចជាថ្លៃសំបុត្រយន្តហោះ ថ្លៃហូបចុកស្នាក់នៅជាដើម។ យើងបានចំណាយថវិកាជាបន្តបន្ទាប់ចាប់ពីពេលនោះមកដល់ពេលនេះ»។ សម្តេចសេនាពិជ័យ បានបញ្ជាក់។