សៀមរាបយូណាយធីតចាប់ដៃ៥ក្រុមទៀតបង្កើតការប្រកួតយុវជន U15
សមាគមក្លិបបាល់ទាត់សៀមរាបយូណាយធីត មានកិត្តិយសសូមជម្រាបជូនដំណឹងថា សមាគមក្លិបបាល់ទាត់សៀមរាបយូណាយធីត សហការជាមួយក្លិបបាល់ទាត់ ចំនួន ៦ ក្នុងខេត្តសៀមរាប នឹងរៀបចំការប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ ប្រចាំខេត្តសៀមរាប រដូវកាលទី ២ ឬ Siem Reap Youth League U15 season 2 ចាប់ពីថ្ងៃទី ៣០ខែមេសា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២ខែកក្កដាឆ្នាំ ២០២៣។
ការប្រកួតនេះ មានការចូលរួមពីក្រុមបាល់ទាត់ ៖ Siem Reap United, SRBC, ICF Cambodia, Plv Jivit, Next Step FC និង FBIS។ ការប្រកួត នឹងមានធ្វើឡើងនៅកីឡដ្ឋាន ហនុមាន ទីលាន Palm Container និង ទីលាន ផ្លូវជីវិត ចាប់ពីថ្ងៃទី ៣០ខែមេសា ឆ្នាំ ២០២៣ ដោយចំណាយពេល ៣ខែ។
ក្នុងមួយក្រុម ត្រូវមាន ១០ប្រកួត ដោយ ៥ប្រកួតចាត់ទុកថា ក្នុងទឹកដី និង ៥ប្រកួត ក្រៅទឹកដី។ ការប្រកួត នឹងត្រូវគិតជាការសន្សំពិន្ទុ ដោយក្រុមឈ្នះ នឹងទទួលបាន ៣ពិន្ទុ ក្រុមស្មើ ទទួលបាន ១ពិន្ទុ និងក្រុមចាញ់ទទួលបាន ០ពិន្ទុ។ ក្រុមណាដែលមានពិន្ទុច្រើនជាងគេ នៅសប្តាហ៍ទី ១០ គឺក្លាយជាជើងឯក Siem Reap Youth League U15 រដូវកាលទី ២ ឆ្នាំ ២០២៣។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ ប្រចាំខេត្តសៀមរាប រដូវកាលទី ២ ឬ Siem Reap Youth League U15 season 2 ធ្វើឡើងដើម្បីផ្តល់ឱកាស ដល់យុវជននៃក្រុមបាល់ទាត់ របស់ខេត្តសៀមរាប បានបង្ហាញសមត្ថភាពប្រកួតប្រជែងគ្នាលើទីលាន។ ការប្រកួតនេះ ក៏ដើម្បីពង្រឹងចំណងទំនាក់ទំនងក្នុងចំណោមក្លិបបាល់ទាត់ ក្នុងសហគមន៍ខេត្តសៀមរាបរួមគ្នាផងដែរ។ –
បន្ទាប់ពី Siem Reap Youth League U15 រដូវកាលទី ២បញ្ចប់ សមាគមក្លិបបាល់ទាត់សៀមរាបយូណាយធីត ក៏នឹងមានរៀបចំការប្រកួតលីគក្នុងខេត្តសៀមរាបដ៏ធំមួយទៀត ដែលមានការចូលរួមក្រុមបាល់ទាត់ទាំងអាជីព ពាក់កណ្តាលអាជីព
ក្រុមបាល់ទាត់កុមារ និងក្រុមបាល់ទាត់នារី អាយុពីក្រោម ៩ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចំនួន ១០០ក្រុម ឬ ស្មើនឹងការចូលរួមរបស់កីឡាករ កីឡាការនី ៣ ២០០នាក់ ។
សូមរម្លឹកដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនប្រចាំខេត្តសៀមរាប ឬ Siem Reap Youth League បានធ្វើឡើងជាលើកដំបូង នៅឆ្នាំ ២០២២ ដោយមានការចូលរួម ពី ២២ក្រុម។
សូមចូលរួមទស្សនាការប្រកួតដោយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ក្រុមយុវជន ក្នុងខេត្តសៀមរាប ក៏ដូចជាដើម្បីញុំាងឱ្យវិស័យបាល់ទាត់ក្នុងខេត្តសៀមរាប កាន់តែទទួលបានប្រជាប្រិយភាពល្បីល្បាញបន្ថែមទៀត៕