ព្រះខ័នរាជស្វាយរៀងលម្អិតមូលហេតុ Nick Taylor មិនបានលេង League Cup
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសពីហេតុផលដែលកីឡាករកូនខ្មែរអាមេរិក Nick Taylor មិនអាចចូលរួមជួយក្រុមក្នុងការប្រកួត Cambodian League 2023 ដែលចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះតទៅ។
“ក្លិបសូមជម្រាបជូនដំណឹងដល់អ្នកគាំទ្រទាំងអស់គ្នាថា Nick Taylor នឹងពុំលេងនៅក្នុងកម្មវិធីពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ឡើយ គឺពុំអាចចុះឈ្មោះរបស់គាត់ទៅក្នុងប្រព័ន្ធ ដោយហេតុថាការដោះដូរកីឡាកររវាងកម្ពុជា និងអន្តរជាតិពុំទាន់បើកនៅឡើយ។
នេះមានន័យថាក្លិបគឺពុំអាចស្នើរសុំវិញ្ញាបណ្ណបត្រដោះដូរអន្តរជាតិជាមួយ FIFA ពីសហព័ន្ធបាល់ទាត់អាមេរិក ផ្ទេរមកកាន់ក្លិបយើងជាផ្លូវការនៅឡើយ។
ការដោះដូរកីឡាករកម្ពុជាអន្តរជាតិនឹងបើកឡើងវិញនៅខែមិថុនា ហើយពេលនោះក្លិបនឹងស្នើរសុំវិញ្ញាបណ្ណបត្រដោះដូរឲ្យ Nick ហើយបន្ទាប់មកនឹងចុះឈ្មោះគេអោយបានរួចរាល់សម្រាប់លេងពានរង្វាន់ខេមបូឌានព្រីមែរលីគ និងហ៊ុនសែនខាប់ ក្នុងរដូវកាល២០២៣/២០២៤៕”