Real ចាប់ផ្ដើមថយទំនុកចិត្តលើ Carlo
សារព័ត៌មានអេស្ប៉ាញរាយការណ៍ថា លោក Carlo Ancelotti ប្រឈមនឹងការបញ្ចប់តំណែងពីគ្រូបង្គោល Real Madrid សាជាថ្មី ក្នុងករណីបន្តបានលទ្ធផលមិនល្អនាពេលខាងមុខ។
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានបង្ហាញពីការខ្វែងគំនិតក្នុងទីផ្សារដោះដូរកីឡាករខែមករារវាងលោក Carlo Ancelotti និងថ្នាក់ដឹកនាំក្រុមអធិរាជស បូករួមទាំងលទ្ធផលមិនល្អរបស់ក្លិបនៅលើទីលាននាពេលកន្លងមកបានធ្វើឱ្យអ្វីៗកាន់តែអាក្រក់ទៅៗ។ ប្រភពពី Relevo ទទូចថា “Los Blancos” អាចបណ្តេញលោក Ancelotti នាពេលអនាគតដ៏ខ្លី។
ប្រសិនបើអតីតគ្រូបង្គោល AC Milan មិនអាចឈ្នះពានរង្វាន់ FIFA Club World Cup 2023 ទេនោះ ប្រហែលអាចអស់តំណែង។ Real Madrid នឹងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup Club 2023 នៅថ្ងៃទី០៨ ខែកុម្ភៈ ដោយប៉ះ Al Ahly របស់អេហ្ស៊ីប។
កាលខែមករា គ្រូបង្វឹកជនជាតិអ៊ីតាលីខាងលើចង់បានកីឡាករថ្មីដូចជានៅតំបន់ការពារស្ដាំ និងខ្សែប្រយុទ្ធជាដើមដើម្បីសម្រួចក្រុម។ Joao Cancelo ក៏ស្ថិតក្នុងរ៉ាដារបស់លោក Ancelotti ដែរ តែបានសម្រេចចិត្តទៅ Bayern Munich៕