
Brighton ពិន័យ Caicedo ក្រោយទម្លាយរឿងចង់ទៅ Arsenal ជាសាធារណៈ
Brighton & Hove Albion បានសម្រេចពិន័យ Caicedo ក្រោយទម្លាយរឿងចង់ទៅ Arsenal ជាសាធារណៈពីបំណងចង់ទៅចូលរួមជាមួយ Arsenal ក្នុងខែមករា ឆ្នាំ២០២៣នេះ។
Brighton មិនអនុញ្ញាតឲ្យខ្សែការពារអេក្វាឌ័រខាងលើចូលរួមហ្វឹកហាត់ ហើយក៏ត្រូវបានដកពីបញ្ជីត្រៀមប្រកួតជុំទីបួន FA Cup ជាមួយ Liverpool។ Brighton ចង់ទុក Caicedo សិន ដោយចង់លក់នាដំណាច់រដូវកាលនេះ។
Caicedo ស្ថិតនៅក្នុងក្រសែភ្នែករបស់ Chelsea និង Arsenal ។ Chelsea គឺជាក្រុមដែលបានចូលកៀកកីឡាករអេក្វាឌ័រ ហើយបានផ្ញើសំណើចំនួន ៥៥លានផោនទៅ Brighton តែត្រូវបានច្រានចោល។ មិនយូរប៉ុន្មាន Arsenal ក៏បានស្នើសុំទិញ Caicedo ក្នុងតម្លៃ៦០លានផោន តែបានត្រឹមទទួលការបដិសេធ។
បន្ទាប់ពីដឹងថា Brighton បដិសេធសំណើ Arsenal ភ្លាម Caicedo បង្ហាញលើបណ្ដាញសង្គមពីការចង់ចាកចេញ។ គេសរសេរថា “៖ ខ្ញុំជាក្មេងប្រុសម្នាក់ដែលធំឡើងក្នុងភាពក្រីក្រ។ ក្តីស្រមៃរបស់ខ្ញុំគឺចង់ក្លាយជាកីឡាករដ៏ល្បីបំផុតក្នុងប្រវត្តិសាស្ត្ររបស់អេក្វាឌ័រ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលអាចនាំយកតម្លៃផ្ទេរកំណត់ត្រាទៅកាន់ Brighton ។ ជាមួយនឹងចំនួនទឹកប្រាក់នេះ ក្លិបអាចបណ្តាក់ទុននាពេលអនាគត។”