គ្រូអាល្លឺម៉ង់ថា ជប៉ុនវាយបកយកឈ្នះយប់មិញមិនមែនជាសំណាងទេ ប៉ុន្តែជារឿងមួយនេះទៅវិញ (មានហាយឡាយ)
កាលពីម្សិលមិញ ក្រុមជម្រើសជាតិជប៉ុនបានបង្កើតរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០២២ ក្រោយវាយបកយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់ដោយលទ្ធផល២ទល់នឹង១ ក្នុងការប្រកួតនៅពូល E។
ក្នុងជំនួបនាកីឡដ្ឋាន Khalifa International គ្រាប់បាល់ដំបូងកើតឡើងដោយក្រុមរហស្សនាមឥន្រ្ទីយ៍ដែកនៅនាទីទី៣៣ ដោយការទាត់បាល់១១ម៉ែត្ររបស់ខ្សែបម្រើ Ilkay Gundogan ខណៈ២គ្រាប់របស់ក្រុមសាម៉ូរ៉ៃវាយបកបានវិញគឺនៅវគ្គទី២ ដោយការស៊ុតរបស់កីឡាករ Ritsu Doan និង Takuma Asano។
ក្រោយពីបញ្ចប់ការប្រកួត គ្រូបង្វឹកអាល្លឺម៉ង់ Hansi Flick បាននិយាយថា៖ “ជ័យជម្នះរបស់ជប៉ុនគឺចេញមកពីគម្រោងការរៀបចំទុកបានយ៉ាងល្អិតល្អន់ជាយូរមកហើយ ដោយមិនមែនជាសំណាងដែលចេះតែកើតឡើងនៅក្នុងពិភពបាល់ទាត់នោះទេ”។
គួរឱ្យដឹងថា សម្រាប់ការប្រកួតជុំទី២ ជប៉ុនត្រូវបន្តប៉ះជាមួយកូស្តារីកា ដែលទើបចាញ់អេស្ប៉ាញដោយលទ្ធផល៧ទល់នឹង០ ខណៈអាល្លឺម៉ង់ត្រូវជួបក្រុមកំពូលតារាងអេស្ប៉ាញ។
ទស្សនាវីដេអូហាយឡាយ៖
អាល្លឺម៉ង់ ១-២ ជប៉ុន
អេស្ប៉ាញ ៧-០ កូស្តារីកា