
ក្រុមកីឡាការិនីបាល់បោះជិះរទេះពិការកម្ពុជាប៉ះឥណ្ឌាយកជើងឯក ICRC
ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះឥណ្ឌា ដណ្តើមជើងឯក រសៀលថ្ងៃសុក្រ ក្រោយពីឈ្នះ២ប្រកួត នៅវគ្គជម្រុះដំណាក់កាលទី២ ក្នុងព្រឹត្តិការណ៍ ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា។
លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ទោះបីការប្រកួតច្រើនដងជាមួយក្រុមដដែលៗ ក៏ក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា នៅតែធ្វើបានល្អ ដោយបានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះរទេះនេប៉ាល់ ក្នុងលទ្ធផល ៥០ទល់២៥ និងឈ្នះម្ចាស់ផ្ទះឥណ្ឌា ៤៤ទល់២៦។
លោកគ្រូបង្វឹករូបនេះ បន្តថា បន្ទាប់ពីឆ្លងកាត់៤ប្រកួត ក្រុមកីឡាការិនីកម្ពុជា នៅតែឈរលេខ១ក្នុងពូល ទាំងដំណាក់កាលទី១ និងដំណាកឮកាលទី២។ បន្ទាប់ពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការកម្ពុជា គ្រោងនឹងប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ខាងមុខ៕