
គ្រូអគ្គិសនីយល់យ៉ាងណាមុនប៉ះបឹងកេត
ក្រុមអគ្គិសនីកម្ពុជានឹងទៅផ្ទះបឹងកេតសម្រាប់ជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នៅថ្ងៃពុធ ទី០៥ ខែតុលា នេះ។
មុនការប្រកួតចូលមកដល់ លោក ទុំ សារ៉ាយ គ្រូបង្គោលអគ្គិសនីកម្ពុជា បានថ្លែងថា “៖ពេលអគ្គិសនីកម្ពុជាប៉ះបឹងកេត ចំណុចដែលខ្ញុំព្រួយបារម្ភ គឺខ្សែប្រយុទ្ធរបស់គូប្រជែង ដែលមាន សៀង ចន្ធា និង ម៉ាត់ នូរុណ។ ព្រោះពួកគេមានល្បឿនលឿន និងស៊ីចង្វាក់គ្នាណាស់នៅតំបន់ខាងលើ។”
គ្រូបង្គោលអគ្គិនីកម្ពុជារូបនេះបានបន្តថា ការតាំងចិត្តរបស់កូនក្រុមខ្លួនពិតជាខ្ពស់ណាស់ ព្រោះមើលឃើញការហ្វឹកហាត់យ៉ាងខ្លាំងក្លារបស់ពួកគេ។
លោក ទុំ សារ៉ាយ បន្តបែបនេះ “៖ ខ្ញុំបានសួរកីឡាករ គឺពួកគេឆ្លើយថា ចង់បានពានសម្ដេច និងលីគទី២ ផងដែរ។ ខ្ញុំជាគ្រូក៏សប្បាយចិត្តពេលឃើញការតាំងចិត្តរបស់កីឡាករបែបនេះ។ យើងមិនលេងទម្លាក់ជើងអីទេ មិនថាពានសម្ដេច ឬលីគទី២ នោះឡើយ។ ការលេងក្នុងដីបឹងកេតនេះ យើងនឹងខំអស់ពីសមត្ថភាព បើមិនឈ្នះក៏យកស្មើដែរ ដើម្បីងាយស្រួលយកឈ្នះក្នុងដីរបស់យើងឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។”
បឹងកេតដែលធ្លាប់លើកពានសម្ដេចតេជោមួយលើក ក្នុងឆ្នាំ២០១៩ បានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ តាមរយៈជ័យជម្នះលើកោះកុងអេហ្វស៊ី និងអាយអេសអាយដង្កោសែនជ័យ។ ចំណែកអគ្គិសនីកម្ពុជាបានទម្លាក់គិរីវង់សុខសែនជ័យ មុនទម្លាក់ក្រុមជើងឯក៤សម័យ ព្រះខ័នរាជស្វាយរៀង យ៉ាងភ្ញាក់ផ្អើល៕