
អ្នកចាំទីណាហ្គា សំរិត សីហា ចូលក្រុមការងារជម្រើសជាតិ U20
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២០ឆ្នាំកំពុងប្រមូលផ្ដុំធ្វើតេស្ដដំណាក់កាលទី១ជ្រើសរើសកីឡាករត្រៀមទៅប្រកួតជម្រុះ AFC U20 Championship 2023 នៅប្រទេសតាហ្ស៊ីគីស្ថាន ក្នុងខែកញ្ញា ឆ្នាំ២០២២។
ក្នុងនោះគេក៏បានសង្កេតឃើញអ្នកចាំទីណាហ្គាវើលដ៍ សំរិត សីហា ចូលក្រុមការងារជម្រើសជាតិ U20 នេះដែរ។ អតីតកីឡាករជម្រើសជាតិរូបនេះបច្ចុប្បន្នជាអ្នកចាំទីផង និងគ្រូបង្ហាត់ចាំទីមួយរូបផងនៅណាហ្គាវើលដ៍ (player-coach)។
សីហា ប្រាប់ថា គេត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាក់ទងក្លិបណាហ្គាឲ្យទៅជួយជម្រើសជាតិ ខណៈគ្រូចាំទី U20 ជាប់រវល់ក្នុងក្រុមធំ។
គួរបញ្ជាក់ថា ក្នុងវគ្គជម្រុះ AFC U20 Championship 2023 នេះ កម្ពុជាស្ថិតក្នុងពូល I ជាមួយតាហ្ស៊ីគីស្ថាន, លីបង់ និងសិង្ហបុរី ដោយប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៕