
លោក Klopp រួមជាមួយកីឡាករដែលមិនបានលេង World Cup មានគម្រោងទៅហ្វឹកហាត់នៅ Dubai ក្នុងអំឡុងពេលប្រកួត World Cup 2022
(BC-99)
FIFA World Cup នឹងប្រព្រឹត្តកម្មវិធីរបស់ខ្លួននៅខែ វិច្ឆិកា និង ធ្នូ ក្នុងឆ្នាំនេះហើយដោយការប្រកួតរបស់ក្របខណ្ឌកំពូលៗទាំងឡាយនៅជុំវិញពិភពលោកនឹងផ្អាកការប្រកួតរបស់ខ្លួនជាបណ្តោះអាសន្ន តែសម្រាប់ក្លិប ហង្សក្រហម Liverpool ដែលដឹកនាំដោយលោក Jurgen Klopp បានសម្រេចចិត្តដឹកនាំកីឡាកររបស់ខ្លួនដែលមិនបានលេង World Cup ទៅហ្វឹកហាត់នៅទីក្រុង ឌូបៃ ក្នុងអំឡុងពេលប្រកួត World Cup នេះ។
យោងតាមសារព័ត៌មាន Liverpool Echo បានឱ្យដឹងថាអ្នកចាត់ការ Jurgen Klopp និងកីឡាករដែលមិនចូលរួមក្នុងការប្រកួតនឹងចេញដំណើរទៅកាន់ទីក្រុងឌូបៃ ដើម្បីហ្វឹកហាត់ឱ្យស៊ាំជាមួយអាកាសធាតុក្តៅ និងត្រៀមខ្លួនសម្រាប់រដូវកាលដែលនៅសល់។ ជាមួយគ្នានេះ Liverpool ក៏កំពុងសម្លឹងមើលទីក្រុង Cape Town នៅអាហ្វ្រិកខាងត្បូង ជាជម្រើសដែលអាចយកធ្វើជាទីកន្លែងហ្វឹកហាត់ផងដែរ។
សម្រាប់ការសម្រាកនាអំឡុងពេលប្រកួត World Cup នៅចុងឆ្នាំនេះវានឹងក្លាយជារយៈពេលដែលយូរគួរសមចំពោះកីឡាករដែលមិនមានឈ្មោះលេង World Cup ។ ដូចនេះដើម្បីកុំឱ្យក្រុមនៅទំនេរ លោក Klopp ក៏បានលើកគំនិតនេះឡើងហើយក៏ទទួលបានការអនុញ្ញាតិពីក្លិប Liverpool តែម្តង។