ព្រឹកថ្ងៃអង្គារ នឹងមានការដង្ហែម្ចាស់មេដាយកីឡានគរបាលជាតិ
ក្រុមប្រតិភូអត្តពលិកកម្ពុជាដែលបានចូលរួមការប្រកួតកីឡានគរបាលពិភពលោក World Police & Fire Games លើកទី១៩ ឆ្នាំ២០២២ នៅប្រទេសហូឡង់ នឹងធ្វើមាតុភូមិនិវត្តន៍ដល់រាជធានីភ្នំពេញវិញ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។
បន្ទាប់មកនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ក៏នឹងមានការធ្វើពិធីដង្ហែមេដាយពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តម ត្រង់មន្ទីរពេទ្យ ព្រះអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រឡប់មកផ្លូវព្រះសុរាម្រិត ដល់ផ្លូវព្រះសីហនុរួចឆ្ពោះទៅកាន់មជ្ឈមណ្ឌលកីឡានគរបាលជាតិក្នុងពហុកីឡដ្ឋានជាតិ។
គួររំលឹកថា ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៨ ឆ្នាំ២០១៩ The 18th World Police and Fire Games 2019 ធ្វើនៅប្រទេសសាធារណៈរដ្ឋប្រជាមានិតចិន កាលពីខែ សីហា ឆ្នាំ២០១៩ អង្គភាពកីឡានគរបាលជាតិកម្ពុជា បានបញ្ជូន១៣ប្រភេទកីឡាចូលរួម ដោយដណ្តើមបានមេដាយសរុប៤៦គ្រឿង មេដាយមាស១៨គ្រឿង មេដាយប្រាក់១៧គ្រឿង និងមេដាយសំរិទ្ធ១១គ្រឿង៕