ក្រុមបាល់ទាត់នារីអង់គ្លេសឈ្នះពានកម្រិតខ្ពស់លើកដំបូង
អង់គ្លេសបានបង្កើតប្រវត្តិសាស្ត្រដោយបានឈ្នះជើងឯកកម្រិតខ្ពស់ក្នុងក្របខណ្ឌនារីលើកដំបូង។ ក្រុមតោញីបានលើកពាន EURO 2022 តាមរយៈជ័យជម្នះលើក្រុមជើងឯក៨សម័យអាល្លឺម៉ង់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា។
Chole Kelly រកបានគ្រាប់ជ័យជម្នះក្នុងនាទី១១០ សម្រាប់អង់គ្លេសក្នុងសំណាញ់អាល្លឺម៉ង់ ក្រោយក្រុមទាំង២ស្មើគ្នា១ទល់នឹង១ ក្នុងម៉ោងធម្មតាពីមុខអ្នកគាំទ្រ៨៧១៩២នាក់។
ក្រុមកីឡាការិនីបានដួលដេកលើទីលានបង្ហូរទឹកភ្នែកលាយឡំដោយភាពរីករាយ។
គេចាំបានថា កាលពី៥៦ឆ្នាំមុន ក្រុមបុរសអង់គ្លេសបានឈ្នះអាល្លឺម៉ង់ខាងលិចដើម្បីលើកពាន World Cup 1966 ដែលជាពានធំតែមួយគត់របស់ប្រទេសនេះ៕