កម្ពុជារកបានមេដាយមាស១គ្រឿងហើយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម
ក្រុមកីឡាជនមានពិការភាពកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿងដំបូងហើយពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២ នាថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ នេះ។
មេដាយមាស១គ្រឿងនេះកើតឡើងក្នុងវិញ្ញាសាបាល់បោះរទេះ៣ទល់៣ នាវគ្គផ្តាច់ព្រ័ត្រឈ្នះក្រុមនារីថៃ ដោយលទ្ធផល ៧ទល់នឹង៥។ នេះក៏ជាកំណត់ត្រា១០០ភាគរយសម្រាប់ក្រុមបាល់បោះរទេះនារីកម្ពុជាដែរ។
គួរដឹងដែរថា កម្ពុជាបានចូលរួមប្រកួតលើ ១១ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូត ដល់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរ ដល់ក្រុមបាល់បោះជនពិការនារីកម្ពុជា ដែលទទួលបានមេដាយមាស៕