
ក្រុមធំស៊ីក្រុមធំហើយ ក្រុមតូចវិសាខាក៏ស៊ីក្រុមតូចភ្នំពេញក្រោនទៀត
ដូចដឹងហើយថា ក្រុមធំវិសាខាបានយកឈ្នះក្រុមធំភ្នំពេញក្រោន ដោយលទ្ធផល ៣ទល់នឹង១ ក្នុងការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា កាលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា។ នេះជាជ័យជម្នះរបស់វិសាខាសាជាថ្មីលើភ្នំពេញក្រោនក្នុងលីគ។
អ្វីដែលគួរចាប់អារម្មណ៍នោះ គឺ ក្រោយការឈ្នះនៅលីគមិនទាន់បាន២៤ម៉ោងផង ក្រុមយុវជនអាយុក្រោម១៨ឆ្នាំវិសាខា បានបំបាក់ភ្នំពេញក្រោន U18 ៥ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់យុវជនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកក្កដា។
បើនិយាយពីក្រុមធំវិសាខាកំពុងឈរលេខ២ បណ្ដោះអាសន្នក្នុងតារាងពិន្ទុក្របខណ្ឌ Cambodian Premier League គិតត្រឹមសប្ដាហ៍ទី១១ ពីក្រោមក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង ៧ពិន្ទុ៕