កីឡាករណាលេងខ្ជិលរត់ ទំនងលែងបានលោក Honda ហៅចូលជម្រើសជាតិទៀតហើយ
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានត្អូញត្អែរថា កូនក្រុមមួយចំនួនហាក់មិនមានឆន្ទៈក្នុងការរត់លឿនឡើយ។ ជាក់ស្ដែង ក្នុងការប្រកួតតទល់អាហ្វហ្គានីស្ថាន សម្រាប់វគ្គជម្រុះ AFC Asian Cup 2023 កន្លងទៅ លោកថា កីឡាករខ្លះរត់មិនដល់២០,៥ផង។
អ្នកចាត់ការជនជាតិជប៉ុនថ្លែងថា លោកនឹងបង្កើតគោលការណ៍ថ្មីដើម្បីកំណត់ការរត់ល្បឿនរបស់កីឡាករ ហើយប្រសិនបើពួកគេមិនអាចធ្វើបានទេ មានន័យថា នឹងមិនអាចជាប់ជម្រើសជាតិឡើយ។
លោក Honda ត្រូវបានសារព័ត៌មានក្នុងស្រុកមួយដកស្រង់សម្ដីបែបនេះ “៖ខ្ញុំនឹងមិនជ្រើសរើសយកចូលជម្រើសជាតិទេប្រសិនបើ រត់មិនដល់ ២០,៥ (30-15 intermittent fitness test)។ បើនិយាយឲ្យស្មោះត្រង់ វាជាការធ្វើតេស្តមួយដ៏ឆ្កួត ដែលខ្ញុំមិនដែលឃើញពីមុនមក ប៉ុន្តែសម្រាប់ពេលនេះខ្ញុំត្រូវតែជ្រើសរើសយកវា (តេស្ត)។ ដឹងអត់ ហេតុអ្វី ខ្ញុំមិនប្រើច្បាប់ដ៏ឆ្កួតហ្នឹងពីមុនមក?…តែពេលនេះយើងត្រូវបើវាហើយគឺដើម្បីចង់ឈ្នះក្រុមទាំងអស់ហ្នឹង។ ខ្ញុំឃើញថា យើងលេងមិនសូវរត់សោះ បើមើល២០នាទីដំបូងពេលប៉ះ អាហ្វហ្គានីស្ថាន វិញយើងរត់មិនដល់គេផង។”
គួរដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីវគ្គជម្រុះ AFC Asian Cup 2023 ក្រោយបានត្រឹមលេខ៤ ក្នុងពូល D ដោយចាញ់២ និងស្មើ១៕