
ខ្សែការពារ Dani Alves ប្រកាសចាកចេញពី Barcelona ជាលើកទីពីរ
ខ្សែការពារ Dani Alves បានប្រកាសថា រូបគេនឹងចាកចេញពី Barcelona ជាលើកទីពីរ ក្រោយត្រលប់ចូលរួមជាមួយក្លឹបកាលពីឆ្នាំមុន។
កីឡាករវ័យ៣៩ឆ្នាំបានត្រលប់ចូលរួមជាមួយ Barcelona កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីចាកចេញពីក្រុមប្រេស៊ីល São Paulo។ វាជាការវិលត្រឡប់មកវិញជាលើកទី២របស់ Dani Alvesគឺបន្ទាប់ពីរយៈពេល៥ឆ្នាំដែលរូបគេបានចាកចេញ ហើយ ការមកលេងឲ្យ Barcelona ដោយសារតែ Dani Alves ចង់ជួយក្រុមចាស់របស់ខ្លួនដែលកំពុងស្ថិតក្នុងពេលវេលាដ៏លំបាក និងចង់មានឱកាសលេងមុន World Cup ២០២២ មកដល់។
តាមពិតទៅ ក្រោយបញ្ចប់ការប្រកួតចុងក្រោយនៅក្របខណ្ឌ La Liga កីឡាករប្រេស៊ីលរូបនេះ មានបំណងចង់បន្តនៅជាមួយក្លឹប តែ Barcelona មិនពិចារណាបន្តកុងត្រាថ្មីឲ្យគេឡើយ។
យ៉ាងណាមិញ ចំពោះរឿងនេះ Dani Alves ក៏ដឹងខ្លួនថា ត្រូវរកក្លឹបថ្មីលេងសម្រាប់រដូវកាលថ្មីផងដែរ តែគេបានអរគុណដល់ Barcelona ដែលបានផ្ដល់ឱកាសសម្រាប់ខ្លួនក្នុងការត្រលប់មកកាន់ក្លឹបជាលើកទីពីរ៕
អត្ថបទ – The Nightmare