កីឡាករថៃរាកដល់ទៅ១៣នាក់មុនជម្រុះ AFC Asian Cup
សារព័ត៌មានវៀតណាម Zing បានស្រង់សម្ដី ខ្សែការពារ Theerathon Bunmathan ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃអង្គារ ទី០៧ ខែមិថុនា នេះថា កីឡាករជម្រើសជាតិថៃដល់ទៅ១៣នាក់ មានបញ្ហារាក ដោយសារចំណីអាហារនៅអ៊ូបេគីស្ថាន។
កីឡាករមកពីក្លិប Buriram United និយាយថា អាហារនៅអ៊ូបេគីស្ថានពិបាកហូប និងមិនមានជីវជាតិអ្វីទេ។
Theerathon ថ្លែងបែបនេះ “៖ យើងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួត ប៉ុន្តែបន្ទាប់ពីមកដល់ប្រទេសអ៊ូបេគីស្ថាន យើងមានបញ្ហាខ្លះដោយសារអាហារមិនសូវឆ្ងាញ់ និងបណ្តាលឲ្យរាកដល់កីឡាករក្នុងក្រុមដល់ទៅ១៣នាក់។ ក្នុងការប្រកួតបើកឆាកជាមួយម៉ាល់ឌីវ ខ្ញុំសង្ឃឹមថាកីឡាករបម្រុងនឹងត្រូវបានផ្តល់ឱកាសឱ្យចាប់ផ្តើម។ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព។ ខ្ញុំជឿថាការប្រកួតបន្ទាប់នឹងមានការចាប់អារម្មណ៍ព្រោះក្រុមទាំងមូលបានត្រៀមខ្លួនយ៉ាងល្អ។ យើងប្ដេជ្ញាចិត្តឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។”
ក្រុមជម្រើសជាតិថៃនឹងចាប់ផ្ដើមការប្រកួតជម្រុះ AFC Asian Cup 2023 នៅថ្ងៃពុធ ទី០៨ ខែមិថុនា តទល់ម៉ាល់ឌីវ ក្នុងពូល C ដែលមានអ៊ូបេគីស្ថាន ជាម្ចាស់ផ្ទះ៕