លឹម ពិសុទ្ធ ត្រូវសម្រាក៥ទៅ៦សប្ដាហ៍ដោយសាររបួសសរសៃពួរ
ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ ត្រូវបានភ្នំពេញក្រោនប្រកាសថា នឹងសម្រាកពីចន្លោះ៥ទៅ៦សប្ដាហ៍ ដោយសាររបួសសរសៃពួរជង្គង់។
ភ្នំពេញក្រោនបានសរសេរលើទំព័រ Facebook របស់ខ្លួនបែបនេះ “៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបទៅកាន់អ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថាកីឡាករ លឹម ពិសុទ្ធ មានបញ្ហារបួសសសៃពួរកជើងខាងឆ្វេង បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុមណាហ្គាវើលដ៍ នាពេលកន្លងទៅថ្មីៗនេះ។ ដូច្នេះកីឡាករ លឹម ពិសុទ្ធ នឹងត្រូវសម្រាកព្យាបាលរយៈពេលពី ៥ ទៅ ៦ សប្តាហ៍។”
គិតត្រឹមតែឆ្នាំ២០២២នេះ ពិសុទ្ធ របួស២ដងហើយពាក់ព័ន្ធនឹងជង្គង់ ដោយលើកទី១ គេបានខកខានព្រឹត្តិការណ៍ AFF U23 Championship។
អវត្តមានរបស់ពិសុទ្ធ បានបង្ខំចិត្តឲ្យក្រុមការងារជម្រើសជាតិកោះហៅខ្សែបម្រើ ប៊ិន ចន្ថាធារី ចូលជំនួសសម្រាប់មិត្តភាពតទល់ទីម័រខាងកើត និងជម្រុះ AFC Asian Cup ក្នុងខែមិថុនា ខាងមុខ៕