
ស៊ីហ្គេមថ្ងៃចន្ទនេះ កម្ពុជាប្រកួត២ប្រភេទកីឡា
ក្រុមអត្តពលិកកម្ពុជាបន្តដំណើរស្វែងរកមេដាយនៅស៊ីហ្គេម ក្នុងប្រទេសវៀតណាមទៀតហើយ នៅថ្ងៃចន្ទ ទី០៩ ខែឧសភា នេះ។ ក្នុងនោះ ក្រុមបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំត្រូវប្រកួតតទល់ U23 ឡាវ ប្រចាំពូល B វេលាម៉ោង៤ល្ងាច។
ក្រុមបាល់ទាត់នារីកម្ពុជាត្រូវជួបជាមួយហ្វីលីពីន ម៉ោង៧យប់។
សម្រាប់កីឡាឃីកបុកស៊ីងវិញ មានកីឡាករ ខាំ ខ្លានាង ត្រូវជួបកីឡាករម៉ាឡេស៊ី, កីឡាការិនី ទូច ច័ន្ទវត្តី ប៉ះថៃ, ឈឿង ល្វៃ ប្រកួតជាមួយសិង្ហបុរី និងឈុត សេរីវណ្ណថង ជួបម្ចាស់ផ្ទះវៀតណាម។
នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា កីឡាករឃីកបុកស៊ីងកម្ពុជា៣នាក់ គឺ បឺត សង្ឃឹម, ស៊ន រ៉ាគីម និងកាន់ ម៉េងហុង បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយលន បញ្ញា ដែលរង់ចាំរួចស្រេច ដូច្នេះកម្ពុជាកក់មេដាយសំរឹទ្ធ៤គ្រឿងហើយ។ ប្រសិនបើឈ្នះ នឹងឡើងទៅប្រជែងយកមេដាយមាសទៀត។ តែគួរឲ្យស្ដាយដែលកីឡាការិនី នៅ ស្រីពៅ ចាញ់ពិន្ទុម្ចាស់ផ្ទះវៀតណាម អស់ឱកាសត្រឹមវគ្គ៨នាក់ចុងក្រោយ៕