លោក Honda ជួបយុវជន៣រូបដែលមិនបានជាប់ U23 ទៅស៊ីហ្គេម
ទោះមិនបានជាប់ឈ្មោះក្នុងបញ្ជីហ្វឹកហាត់ត្រៀមទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅប្រទេសវៀតណាម យុវជន៣រូប គឺ វុធ តុលា, រដ្ឋ វីរៈ និង ឡេង ណូរ៉ា ត្រូវបានអ្នកចាត់ការទូទៅ Keisuke Honda កោះហៅចូលជួបចែករំលែកបទពិសោធនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា នេះ។
គួររំឭកថា វុធ តុលា ធ្លាប់ជាប់ជម្រើសជាតិក្រុមធំទៅបារ៉ែន កាលឆ្នាំ២០២១ កន្លងទៅ ខណៈរដ្ឋ វីរៈ និងឡេង ណូរ៉ា ជាប់ចុងក្រោយបង្អស់ក្នុងយុទ្ធនាការ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំបានបន្តការហ្វឹកហាត់យ៉ាងរលូនក្រោមការដឹកនាំពីអ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្គោល Ryu Hiroshe នាទីលាននៃពហុកីឡដ្ឋានមរកតេជោ។
ក្រុម U23 កម្ពុជា នឹងហោះទៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា។ បញ្ជីចុងក្រោយ២០នាក់ទំនងត្រូវបានប្រកាសនៅថ្ងៃអង្គារ ទី០៣ ខែឧសភា៕