
សារព័ត៌មានមួយផ្សាយថា Conte មិនទៅ Man UTD ព្រោះតែ CR7
សារព័ត៌មាន Manchester Evening រាយការណ៍ថា Manchester United មានបំណងស៊ីញ៉េកុងត្រាយកលោក Antonio Conte ទៅដឹកនាំជំនួសលោក Ole Gunnar Solskjaer ដែរ តែមិនទទួលបានការគាំទ្រពី Cristiano Ronaldo ទេ។ គ្រានោះ ថ្នាក់ដឹកនាំ Manchester United បានសួរយោបល់ Ronaldo តែគេបានបដិសេធ។
ប្រភពដដែលរាយការណ៍ថា ក្រោយចាញ់ Liverpool ០ទល់នឹង៥ នៅដើមរដូវកាល Ronaldo ខឹងយ៉ាងខ្លាំង ហើយក៏មានព័ត៌មានជុំវិញការនាំចូលលោក Zinedine Zidane ថែមទៀត ដែលត្រូវបានគេគិតថា ជាការលួងលោម CR7។
ក្រោយមិនបាននាំយកលោក Conte ទៅ Old Trafford គ្រូបង្វឹកជនជាតិអ៊ីតាលីក៏បានទៅចូលរួមជាមួយ Tottenham Hotspur។ ជាជំនួស ថ្នាក់ដឹកនាំបិសាចក្រហមបានតែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការស្ដីទីដល់ដាច់រដូវកាល។
ក្រោមការដឹកនាំពីគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Man UTD ធ្វើមិនបានល្អទេ ដោយកំពុងឈរលេខ៧ ហើយប្រឈមនឹងការគ្មានកៅអីនៅ UEFA Champions League រដូវកាលក្រោយ៕