
រិន ដេវីត ៖ ប្រដាល់ឈឺខ្លួន តែមានលទ្ធភាពជួយឪពុកម្ដាយ
៤ឆ្នាំហើយដែលអ្នកប្រដាល់គុនខ្មែរវ័យក្មេង រិន ដេវីត ផ្ញើខ្លួនក្នុងអាជីពលើរេញ តាមរយៈការគាំទ្រពីឪពុកម្ដាយ និងការបណ្ដុះបណ្ដាលពីលោកគ្រូ ស្វាយ សុខុន នៃក្លិបនាគរាជចតុមុខ។ គេថា ការប្រឡូកគុនខ្មែរមិនទទួលបានការគាំទ្រពីម្ដាយទេ ព្រោះមិនចង់ឲ្យកូនឈឺខ្លួន។
កីឡាករមានកំណើតនៅខេត្តកណ្ដាលរំឭកថា ដោយសារតែការលំបាកក្នុងគ្រួសារ បូករួមទាំងការស្រលាញ់ផងនោះ គេនៅតែព្យាយាមហ្វឹកហាត់។ ការតស៊ូរហូតដល់បច្ចុប្បន្ន ដែលអាចប្រកួត២ទៅ៣ដងក្នុងមួយខែ គេមានលទ្ធភាពរកចំណូលបានគួរសម ហើយជួយសាងសង់ផ្ទះដល់ឪពុកម្ដាយ និងទិញដីទុកជាទ្រព្យផ្ទាល់ខ្លួនទៀតផង។
ម្ចាស់ខ្សែក្រវាត់មាសនៅ PNN ទទូចថា ការហ្វឹកហាត់ និងប្រកួតពិតជាមិនងាយស្រួលទេ ព្រោះត្រូវឈឺខ្លួន២ទៅ៣ថ្ងៃ ទើបបាត់។ ម្យ៉ាងពេលហ្វឹកហាត់ និងប្រកួតដំបូងៗ ឈឺខ្លួនខ្លាំងពេក គេស្ទើរតែបោះបង់ទៅហើយ។ ផ្ទុយទៅវិញ គេបានរក្សាការប្រឹងប្រែងរហូតអាចបន្តប្រកួតដល់សព្វថ្ងៃ ដោយអាចសាងកេរ្ដិ៍ឈ្មោះក្នុងចង្កោមអ្នកប្រដាល់វ័យក្មេងលេចធ្លោៗនៅកម្ពុជា។ គេក៏អាចឈ្នះពាន និងខ្សែក្រវាត់មាស រកប្រាក់បានដល់ទៅខ្ទង់ម៉ឺនដុល្លារអាមេរិក។
រិន ដេវីត បង្ហើបថា ក្នុងអាជីពប្រដាល់នេះ គេចូលចិត្តរបៀបវាយរបស់កីឡាករ៣រូប គឺ ឃុន ឌីម៉ា, យ៉េន ឌីណា និងមឿន សុខហ៊ុច។ គេថា នឹងព្យាយាមពង្រឹងសមត្ថភាពដើម្បីឱកាសប្រកួតសំខាន់បន្តទៀត។
គួរដឹងដែរថា រិន ដេវីត ធ្លាប់ដណ្ដើមបានខ្សែក្រវាត់មាសក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមលើសង្វៀន PNN កាលឆ្នាំ២០២១ កន្លងទៅ៕
ប្រភពរូប ៖ PNN