ចាប់ពីរដូវកាលក្រោយទៅ លីគកំពូលអង់គ្លេសអាចប្ដូរកីឡាករបាន៥នាក់ក្នុងមួយប្រកួត
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ក្របខណ្ឌ English Premier League បានសម្រេចកែសម្រួលចំនួនផ្លាស់ប្ដូរកីឡាករ (Substitutes) ក្នុងមួយប្រកួតទៅតាមនិន្នាការនៅអឺរ៉ុប ចាប់ពីរដូវកាលក្រោយតទៅ។
សារព័ត៌មានអង់គ្លេសរាយការណ៍ថា គណៈកម្មការបានបង្កើនចំនួនផ្លាស់ប្ដូរពី៣ទៅ៥នាក់ក្នុងមួយប្រកួត ហើយធ្វើឡើងចំនួន៣ដង។ សម្រាប់បញ្ជីកីឡាករបម្រុងត្រូវឡើងដល់៩នាក់។
បច្ចុប្បន្ន English Premier League ជាលីគកំពូលអឺរ៉ុបក្នុងចំណោមលីគធំៗទាំង៥ តែមួយគត់ដែលបន្តរក្សាចំនួនផ្លាស់ប្ដូរដដែល ពោលគឺ៣នាក់។
Bundesliga, La Liga, Serie A និង Ligue 1 បានកែសម្រួលចំនួនតាំងពីរដូវកាលមុន។ ការផ្លាស់ប្ដូរនេះធ្វើឡើងដើម្បីសម្របទៅនឹងបរិបទនៃការរាលដាលកូវីដ១៩៕