កម្ពុជាបើកឆាកប៉ះម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ AFF Futsal Championship 2022
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិកម្ពុជាបានចាកចេញពីមាតុប្រទេសហើយនៅព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ក្នុងដំណើរឆ្ពោះទៅរាជធានីបាងកក ប្រទេសថៃ ដើម្បីចូលរួមព្រឹត្តិការណ៍ AFF Futsal Championship 2022 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមេសា។
កីឡាករចំនួន១៤រូបត្រូវបានជ្រើសរើសចេញពីការជម្រុះក្នុងចំណោម៣៥នាក់ ដែលប្រកួតក្នុងពានហ្វូតសាលថ្នាក់ជាតិ និងបានឆ្លងកាត់ការហ្វឹកហាត់ជុំគ្នាជាងមួយសប្ដាហ៍។
ក្នុងចំណោមនោះមានកីឡាករ៤រូបដែលទើបទទួលបានការកោះហៅលើកដំបូង គឺ តុង ច័ន្ទមុនី, ព្រំ ឌីយ៉ាម៉ង់, លន់ សុធីតារ័ត្ន និង ភឿន ចាន់វាសនា។ គ្រូបង្គោលក្នុងក្រុម គឺលោក ចេត ច័ន្ទរចនា អមដោយគ្រូជំនួយ២រូប គឺលោក ហ៊ល សុភ័ក្ត្រ និងលោក ផៃ បរិញ្ញា។
ក្រុមកម្ពុជាស្ថិតនៅពូល A ដែលមានថៃ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងប្រ៊ុយណេ ហើយបើកឆាកតទល់ម៉ាឡេស៊ី នៅថ្ងៃទី០២ ខែមេសា វេលាម៉ោង៣រសៀល។
ពូល B មាន វៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងអូស្ត្រាលី។ នេះជាលើកទី៦ហើយដែលកម្ពុជាបានចូលរួមប្រកួត AFF Futsal Championship ហើយកន្លងមកក៏ធ្លាប់បានលេខ៤ ចំនួន២លើកដែរ គឺឆ្នាំ២០០៣ និង២០០៦៕