ផ្ទុះរឿង ម្ចាស់ក្លិប Chelsea រងប៉ះពាល់ដោយសារជាតិពុលអំឡុងការចរចាសន្តិភាព
ប្រភពជិតស្និទ្ធមួយបានឲ្យដឹងថា មហាសេដ្ឋីរុស្ស៊ី Roman Abramovich បានរងប៉ះពាល់ដោយសារធាតិពុលអំឡុងកិច្ចចរចាសន្តិភាពនៅព្រំដែនអ៊ុយក្រែន និងបេឡារុស្សកាលពីដើមខែនេះ។
ប្រភពពី BBC រាយការណ៍ថា ម្ចាស់ក្លិប Chelsea បានរងរបួសភ្នែក និងស្បែករបក តែបានសះស្បើយហើយ។
អ្នកចរចាសន្តិភាពអ៊ុយក្រែនពីរនាក់ក៏ត្រូវបានប៉ះពាល់ដែរ។
របាយការណ៍មួយបាននិយាយថា ការបំពុលដែលគេចោទប្រកាន់នេះត្រូវបានរៀបចំឡើងដោយក្រុមអ្នករឹងទទឹងក្នុងប្រទេសរុស្ស៊ី ដែលចង់បំផ្លិចបំផ្លាញការចរចា។
ភ្លាមៗបន្ទាប់ពីការចោទប្រកាន់នេះបានលេចចេញ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់ត្រូវបានដកស្រង់សម្ដីដោយ Reuters ថា ការស៊ើបការណ៍សម្ងាត់បានបង្ហាញថារោគសញ្ញានេះពាក់ព័ន្ធនឹងកត្តា “បរិស្ថាន” មិនមែនការពុលនោះទេ។
ក្រោយមកមន្ត្រីម្នាក់ក្នុងការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Ihor Zhovkva បានប្រាប់ BBC ថា មិនមានបញ្ហាអ្វីទេ ហើយម្នាក់ទៀតបាននិយាយថារឿងនេះមិនពិតទេ។
Abramovich បានចូលរួមជាអ្នកសម្រុះសម្រួលក្រៅផ្លូវការដើម្បីព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីភ្លាមៗ។ លោកត្រូវបានដាក់ទណ្ឌកម្មដោយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីដែលគេជឿថាមានភាពស្និទ្ធស្នាលជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin៕