Pochettino ថា ការចាញ់ Real Madrid ធ្វើឲ្យខ្លួនដេកមិនលក់
លោក Mauricio Pochettino គ្រូបង្គោល Paris Saint Germain ទទូចថា ការចាញ់ Real Madrid ធ្លាក់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League កន្លងមក នៅតែដក់ដាមក្នុងខួរក្បាលរបស់លោក ធ្វើឲ្យពិបាកទទួលទានដំណេក។
PSG ចាញ់ Real Madrid សរុបទាំង២ជើង ២ទល់នឹង៣។ ជើងទី១ ក្រុមមកពីបារាំងបាននាំមុខ១ទល់នឹង០ ហើយជើងទី២ក៏បាននាំមុខមួយគ្រាប់ទៀត សរុប២គ្រាប់គិតត្រឹមនាទី៦០។ ផ្ទុយទៅវិញ Karim Benzema វាយបកបាន៣គ្រាប់ នាំ Real Madrid ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
លោក Pochettino អះអាងថា វាពិតជាលទ្ធផលដែលនឹកស្មានមិនដល់ ព្រោះសល់តែ៣០នាទីទៀតសោះ។ លោកថា ត្រូវចំណាយពេលយូរដើម្បីបានដេកលក់ម្ដងៗ។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនដដែលបញ្ជាក់ថា មិនទាន់គិតពីបញ្ហាអនាគតទេ តែអ្វីសំខាន់បំផុត គឺផ្ដោតលើកការប្រជែងយកជើងឯក Ligue 1 ជាលើកទី១០សម្រាប់ក្លិប។
Paris Saint Germain កំពុងឈរកំពូលតារាង Ligue 1 ដោយមាន៦៥ពិន្ទុពីការប្រកួត២៨លើក ច្រើនជាងក្រុមលេខ២ Marseille ១៥ពិន្ទុ។ ថ្ងៃអាទិត្យ ទី២០ ខែមីនា នេះ ពួកគេនឹងត្រូវប៉ះ AS Monaco៕