ខ្សែការពារកូនខ្មែរបារាំង កុក បូរីស រកគ្រាប់បាល់ដំបូងក្នុងអាជីពនៅម៉ាឡេស៊ី
ខ្សែការពារ កុក បូរីស រកបាន១គ្រាប់ក្នុងជ័យជម្នះ៧ទល់នឹង០របស់ Sarawak United លើ Ultimate FC ក្នុងការប្រកួត Malaysia FA Cup នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។
កីឡាករកូនខ្មែរកើតនៅបារាំងដែល Sarawak United ខ្ចីពីភ្នំពេញក្រោន បានទាត់បញ្ចូលទីគ្រាប់បើកឆាកក្នុងនាទីទី៩ រួមចំណែកជួយក្រុមឡើងទៅជុំទី២។
គួរដឹងដែរថា កុក បូរីស បានយល់ព្រមផ្លាស់ទៅលីគកំពូលម៉ាឡេស៊ី ក្នុងក្រុម Sarawak លើកិច្ចសន្យាខ្ចីពីភ្នំពេញក្រោនរយៈពេល១រដូវកាល។
សម្រាប់ Sarawak United ជាក្រុមរងជើងឯកលីគទី២ម៉ាឡេស៊ី ឆ្នាំ២០២១ និងឡើងទៅលីគកំពូល ឆ្នាំ២០២២ នេះ។
គួរបញ្ជាក់ថា បូរីស ជាកីឡាករខ្មែរទី៥ដែលទៅលេងនៅលីគកំពូលម៉ាឡេស៊ី បន្ទាប់ពី ប៊ិន ចន្ថាធារី, ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្ដម និងកែវ សុខផេង៕