សហព័ន្ធបាល់ទះកម្ពុជាត្រៀមបង្កើតក្រុមនារីទុកប្រកួតនៅស៊ីហ្គេម២០២៣
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារីអបអរសាទរខួបលើកទី១១១ «ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២» និងប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្ដាល និងចៅក្រមបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (គ ឬ C) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។
ការប្រកួតបាល់ទះនារី អបអរសាទរ «ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២» នេះមានក្រុមចំនួន ៤ ចូលរួម ទី១. ក្លិបកីឡាបាល់ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ទី២. ក្លិបកីឡាបាល់ទះមន្ទីរអប់រំកាយ និងកីឡាខេត្តពោធិសាត់ ទី៣. ក្លិបកីឡាបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងទី៤. ក្លិបកីឡាបាល់ទះមន្ទីរអប់រំកាយនិងកីឡាខេត្តកំពង់ចាម ។
មិនតែជាការអបអរសាទរដល់ទិវានារីអន្តរជាតិប៉ុណ្ណោះ លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាសង្កត់ថា សហព័ន្ធក៏មានគម្រោងស្វែងរកកីឡាការិនីល្អដើម្បីបង្កើតជាក្រុមជម្រើសជាតិត្រៀមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ផងដែរ។
លោក អាំង សេរីពិសិដ្ឋ ថ្លែងបែបនេះ “៖ ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយជោគជ័យតាមការគ្រោងទុក។ នេះជាប្រវត្តិសាស្ត្រមួយដែលមានការរៀបចំសម្រាប់បាល់ទះនារី ប្រកួតស្តង់ដារ លើទីលានស្តង់ដារ ហើយជាការផ្តល់ឱកាសដល់កីឡាការិនីនានា បានបង្ហាញសមត្ថភាពផង ជាការបើកច្រកមួយសម្រាប់អនុគណៈកម្មការជ្រើសរើសកីឡាករកីឡាការិនី សម្លឹងមើលកីឡាករការិនី ដែលមានសមត្ថភាព ដើម្បីប្រមូលផ្តុំត្រៀមកីឡាការិនី ជម្រើសជាតិ ព្រោះស៊ីហ្គេមឆ្នាំ២០២៣ យើងជាម្ចាស់ផ្ទះចាំបាច់ត្រូវមានក្រុមចូលរួម។ យើងមានផែនការដើរជ្រើសរើសកីឡាការិនីតាមខេត្តដែលមានទេពកោសល្យ កាយសម្បទា ដើម្បីចូលរួមក្រុមជម្រើសជាតិផងដែរ។
គួរដឹងដែរថា កម្ពុជាមិនមានក្រុមបាល់ទះនារីច្រើនឆ្នាំមកហើយ។ គេចាំបានថា អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាក៏ធ្លាប់មានក្រុមជម្រើសជាតិបាល់ទះនារីចេញទៅប្រកួតនៅក្រៅប្រទេសជាហូរហែដែរ៕