មេ PSG ថា Pochettino មិនដែលចង់ចេញពីក្លិបទេ
Paris Saint Germain មិនដែលចង់យកលោក Zinedine Zidane ទៅជំនួសលោក Mauricio Pochettino ក្នុងនាមគ្រូបង្គោលថ្មីរបស់ខ្លួនទេ។ នេះជាការបញ្ជាក់របស់លោកនាយកកីឡា Leonardo។
លោក Pochettino ជាមួយលោក Erik ten Hag គ្រូបង្គោល Ajax Amsterdam ស្ថិតក្នុងចំណោមបេក្ខជនដែលអាចទៅជំនួសតំណែងលោក Ralf Rangnick នៅ Manchester United ខណៈរបាយការណ៍ពីអេស្ប៉ាញមកថា បុរសជនជាតិអាហ្សង់ទីនក៏ទទួលបានចំណាប់អារម្មណ៍ពី Real Madrid ដើម្បីជំនួសកន្លែងលោក Carlo Ancelotti ដែរ។
សារព័ត៌មាននៅបារាំងអះអាងក្នុងខែមករា ថា អតីតគ្រូបង្គោល Real Madrid លោក Zinedine នឹងស្នងតំណែងលោក Pochettino នៅកីឡដ្ឋាន Parc des Princes ហើយថា លោក Pochettino អត់មានទំនាក់ទំនងជាមួយលោក Leonardo ទេ។ ផ្ទុយទៅវិញ លោក Leonardo ត្រូវបានស្រង់សម្ដីដោយ L’Equip ថា មិនដែលទាក់ទងលោក Zidane ហើយក៏គ្មានបញ្ហាអ្វីជាមួយលោក Pochettino ដែរ៕