កីឡដ្ឋានកងយោធពលខេមរភូមិន្ទប្ដេជ្ញារៀបចំភ្លើងឡើងវិញឲ្យបើកលីគថ្ងៃសៅរ៍នេះ
បន្ទាប់ពីមានការរិះគន់រឿងភ្លើងបំភ្លឺពេលយប់ដែលមិនច្បាស់ល្អបង្កឲ្យមានការលំបាកដល់ការផ្សាយផ្ទាល់ និងការផ្ដិតយករូបភាព កីឡដ្ឋានកងយោធពលខេមរភូមិន្ទ បានប្រកាសលើទំព័ររបស់ខ្លួនថា នឹងរៀបចំឲ្យបានល្អឡើងវិញ ដើម្បីទាន់ការប្រកួតលីគកំពូល រដូវកាល២០២២ ដែលនឹងចូលមកដល់នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ចុងសប្ដាហ៍នេះ។
នេះជាការរៀបរាប់របស់កងយោធពលខេមរភូមិន្ទ “៖សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC សូមធ្វើការអភ័យទោសចំពោះបញ្ហាបច្ចេកទេសភ្លើងបំភ្លឺទីលាន ដោយមានសភាពពន្លឺពណ៌ខៀវខ្ចីខ្លាំងដែលជាផលប៉ះពាល់ដល់ការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ត៍លេខ៥ ក៏ដូចជាបងប្អូនអ្នកថតរូបមកពីស្ថាប័ន អង្គភាពផ្សេងៗ ក្នុងការប្រកួតពានរង្វាន់ CAMBODIAN SUPER CUP 2022 កាលពីរាត្រីថ្ងៃទី០១ខែមីនាឆ្នាំ២០២២ ដែលជាហេតុធ្វើអោយគុណភាព រូបភាពមានការធ្លាក់ចុះយ៉ាងខ្លាំង ។
ក្រុមការងារបច្ចេកទេសរបស់កីឡដ្ឋាន TIFFY ARMY STADIUM បាននឹងកំពុងតែព្យាយាមធ្វើការជួសជុលកែតម្រូវផ្លាស់ប្ដូរអំពូលភ្លើងថ្មីមានកម្រិតពន្លឺភ្លឺច្បាស់ល្អ ដើម្បីអោយទាន់កម្មវិធីប្រកួតពាន រង្វាន់ CAMBODIAN PREMIER LEAGUE នៅសប្ភាហ៍បន្តបន្ទាប់ទៀត។សូមអរគុណ”
គួរដឹងដែរថា ការរិះគន់ពីពន្លឺភ្លើងនេះកើតឡើងអំឡុងការប្រកួត Cambodian Super Cup រវាងភ្នំពេញក្រោន និងវិសាខា កាលថ្ងៃអង្គារ ទី០១ ខែមីនា កន្លងទៅ។
នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ក្រុមកងយោធពលខេមរភូមិន្ទ នឹងទទួលជួបភ្នំពេញក្រោនសម្រាប់ការប្រកួតសប្ដាហ៍ទី០១ Cambodian Premier League៕