អតីតខ្សែប្រយុទ្ធ West Ham បង្កើតប្រវត្តិសាស្ត្រនៅ UEFA Champions League
Sebastien Haller ក្លាយជាកីឡាករទី១ដែលរកបានគ្រាប់បាល់៧ប្រកួតដំបូងរបស់ខ្លួននៅ UEFA Champions League។ មានន័យថា គេទើបលេងបាន៧លើកប៉ុណ្ណោះ ហើយរកបានទាំង៧លើកជាប់គ្នាតែម្ដង។ មិនតែប៉ុណ្ណោះ គេរកបាន១១គ្រាប់ពីការប្រកួតត្រឹម៧លើក ដែលជាស្ថិតិលឿនបំផុតផងដែរ។
អតីតខ្សែប្រយុទ្ធ West Ham United រកបាន១គ្រាប់ពេល Ajax Amsterdam ស្មើ Benfica ២ទល់នឹង២ ក្នុងជំនួបកំពូលអឺរ៉ុបនៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
បច្ចុប្បន្នកីឡាករជម្រើសជាតិកូឌីវ័រកើតនៅបារាំងរូបនេះរកបាន១១គ្រាប់ហើយនៅ UCL រដូវកាលនេះ។
គួររំឭកថា Sebastien Haller បានផ្លាស់ពី West Ham ទៅ Ajax ក្នុងតម្លៃ២២លាន៥សែនអឺរ៉ូ កាលខែមករា ឆ្នាំ២០២១។ កីឡាករមានឪពុកជាជនជាតិបារាំង និងម្ដាយជនជាតិកូឌីវ័ររូបនេះរកបាន២៧គ្រាប់ហើយពីការប្រកួត៣៩លើកនៅលីគកំពូលហូឡង់៕