ក្រុមហ៊ុនលីគនឹងប្រកាសនិមិត្តសញ្ញាថ្មីនៅថ្ងៃទី១០ កុម្ភៈ នេះ
ក្រុមហ៊ុន Cambodian Premier League នឹងប្រកាសពីនិមិត្តសញ្ញាថ្មីសម្រាប់ក្របខណ្ឌ Cambodian Premier League និងក្របខណ្ឌ Cambodian League 2 នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ។
មិនតែប៉ុណ្ណោះទេ ការចាប់គូក៏នឹងត្រូវធ្វើឡើងផងដែរសម្រាប់ក្របខណ្ឌកំពូល និងក្របខណ្ឌទី២។
គួរដឹងដែរថា ចាប់តាំងពីការបង្កើតឡើងនូវក្រុមហ៊ុនលីគ រូបមន្តនៃការប្រកួតបាល់ទាត់ក្របខណ្ឌកំពូល និងក្របខណ្ឌទី២ ក៏ដូចជាការប្រកួតពានសម្ដេចតេជោ ហ៊ុន សែន ត្រូវបានផ្លាស់ប្ដូរ។
សម្រាប់ក្របខណ្ឌកំពូល មាន៨ក្រុម ដែលជាក្រុមបំពេញបានតាមលក្ខន្តិកៈសហព័ន្ធ។ ក្រុមចំនួន៥ត្រូវបានកាត់ទៅលីគទី២ ដែលសរុបមានចំនួន១២ក្រុមប្រកួតប្រជែង។
ចំណែកពានសម្ដេចតេជោ ហ៊ុន សែន ត្រូវបានបែងចែកជា៣ដំណាក់កាល ច្រើនជាងរដូវកាលមុនមួយដំណាក់កាល។ រដូវកាលនេះមានការប្រកួតថ្នាក់ខេត្ត, ជម្រុះថ្នាក់ជាតិ និងថ្នាក់ជាតិ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនលីគក៏មានគម្រោងបង្កើតពានរង្វាន់ Super Cup ដែលជាការប៉ះគ្នារវាងក្រុមជើងឯកលីគកំពូល និងម្ចាស់ពានសម្ដេចតេជោ ថ្នាក់ជាតិផងដែរ៕