ការដោះដូរគួរចាប់អារម្មណ៍ក្នុងលីគកំពូលថ្ងៃនេះ
ការដោះដូរកីឡាករក្នុងក្របខណ្ឌកំពូលកម្ពុជានៅតែបន្តយ៉ាងសកម្មរៀងរាល់ថ្ងៃ មុនការប្រកួតរដូវកាលថ្មីចូលមកដល់នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ខាងមុខ។
ជាក់ស្ដែងនៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ នេះមានការផ្ទេរយ៉ាងគួរកត់សម្គាល់ក្នុងចំណោមក្លិបចំនួន៤។
១. ភ្នំពេញក្រោន
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនទើបនាំចូលខ្សែប្រយុទ្ធអាហ្វហ្គានីស្ថាន Fareed Sadat។ កីឡាករវ័យ២៣ឆ្នាំបានទៅរស់នៅប្រទេសហ្វាំងឡង់ កាលពីក្មេង និងបានជាប់ជម្រើសជាតិប្រទេសនេះក្នុងកម្រិត U17។ គេបានជាប់ជម្រើសជាតិក្រុមធំអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០១៩។
២. បឹងកេត
Taher Jahanbakhsh Zabihi ខ្សែការពារជនជាតិអ៊ីរ៉ង់ បានចូលរួមជាមួយបឹងកេត និងទទួលបានអាវលេខ៥។ ក្រៅពីក្លិបក្នុងស្រុក គេធ្លាប់ប្រកបអាជីពនៅហ្វីលីពីន ដោយលេងឲ្យក្លិបល្បី Global FC។
៣. ណាហ្គាវើលដ៍
មិនប្លែកទេសម្រាប់អ្នកទស្សនា ដែលភាគច្រើនប្រាកដជាស្គាល់ Eliel Da Cruz។ ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះធ្លាប់លេងឲ្យវិសាខា ក្នុងឆ្នាំ២០១៩ និងអង្គរថាយហ្គឺរ ក្នុងឆ្នាំ២០២១។ គេជឿថា ការមកដល់របស់ Da Cruz នឹងពង្រឹងបានច្រើនលើតំបន់ប្រយុទ្ធរបស់ណាហ្គាវើលដ៍។
៤. ព្រះខ័នរាជស្វាយរៀង
មិនទាន់បង្ហាញកីឡាករបរទេសទី៥ ប៉ុន្តែព្រះខ័នរាជស្វាយរៀងបានតែងតាំងគ្រូជំនួយថ្មី គឺលោក Oriol Mohedano។ វាពិតជាគួរភ្ញាក់ផ្អើលដែរ ព្រោះបុរសជនជាតិអេស្ប៉ាញធ្លាប់កាន់តំណែងគ្រូធំនៅអង្គរថាយហ្គឺរ ៥រដូវកាល និងបានបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង៕