
Donny van de Beek បង្ហើបរឿងព្រមផ្លាស់ពី Man United ទៅ Everton គឺដោយសារតែបុគ្គលសំខាន់មួយរូប
ខ្សែបម្រើ Donny van de Beek បានសម្រេចការផ្លាស់ពី Manchester United ទៅកាន់ Everton ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល នៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករានេះ។
កីឡាករជនជាតិហូឡង់បានជ្រើសរើសយកអាវលេខ៣០នៅក្រុមរហស្សនាមស្ករគ្រាប់ ខណៈដែលរូបគេអាចនឹងបង្ហាញខ្លួនលើដំបូងតែម្តងនៅទឹកដី Goodison Park ក្នុងការប្រកួតពានរង្វាន់ FA Cup ទល់នឹង Brentford នៅថ្ងៃសៅរ៍សប្តា៍នេះ។
អតីតសមាជិក AFC Ajax បានបង្ហើបពីមូលហេតុសំខាន់ដែលធ្វើឱ្យសម្រេចចិត្តចាកចេញពីទឹកដី Old Trafford ផងដែរថា៖ “ខ្ញុំរីករាយណាស់ដែលបានក្លាយជាសមាជិករបស់ Everton ខ្ញុំសង្ឃឹមថានឹងធ្វើបានល្អបំផុតនៅទីនេះ។ Frank Lampard គឺជាបុគ្គលដែលមានឥទ្ធិពលក្នុងការជំរុញឱ្យខ្ញុំផ្លាស់មកទីនេះ ព្រោះខ្ញុំបានពិភាក្សាជាមួយគាត់ ហើយយើងមានគំនិតដូចគ្នាអំពីគម្រោងនៅទីនេះ។”
ចាប់តាំងពីផ្លាស់ពីទឹកដីហូឡង់មកកាន់ Manchester United ក្នុងឆ្នាំ២០២០មក កីឡាករវ័យ២៤ឆ្នាំបង្ហាញខ្លួនឱ្យក្រុមរហស្សនាមបិសាចក្រហមបានត្រឹមតែ៥០ប្រកួតតែប៉ុណ្ណោះដោយស៊ុតបញ្ចូលទីបានចំនួន២គ្រាប់។
គួរឱ្យដឹងថា នៅក្នុងខែមករានេះ Everton បានសម្រេចការចុះកុងត្រាជាមួយគ្រូបង្វឹក Frank Lampard និងខ្សែបម្រើ Dele Alli ពី Tottenham Hotspurs ថែមទៀតផង។