អ៊ុក សុធី ចេញពីតួនាទីគ្រូបង្គោលសូលទីឡូអង្គរដើម្បីផ្ដោតជួយជម្រើសជាតិ
ក្លិបបាល់ទាត់សូលទីឡូអង្គរបានប្រកាសចែកផ្លូវពីគ្រូបង្គោល អ៊ុក សុធី ហើយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២នេះ។
ការចាកចេញពីក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបត្រូវបានគ្រូបង្វឹកកម្រិត B ប្រាប់ថា ដោយសារតែលោកចង់ផ្ដោតលើការជួយរៀបចំផែនការក្នុងក្រុមជម្រើសជាតិ ជាពិសេសឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។
គួរដឹងដែរថា លោក អ៊ុក សុធី បានចូលកាន់តំណែងជាគ្រូបង្គោលសូលទីឡូអង្គរ កាលខែកក្កដា ឆ្នាំ២០២១។
លោក អ៊ុក សុធី ធ្លាប់ជាកីឡាករបាល់ទាត់អាជីពពីឆ្នាំ២០១២ដល់២០១៩ ដោយលេងឲ្យតែភ្នំពេញក្រោនមួយគត់។ លោកបានជាប់ជម្រើសជាតិកម្ពុជាពីចន្លោះឆ្នាំ២០១៤ដល់២០១៧។
ក្រោយព្យួរស្បែកជើង លោកត្រូវបានភ្នំពេញក្រោនតែងតាំងជាអ្នកសម្របសម្រួលលើការងារថ្នាលយុវជន នៅដើមឆ្នាំ២០២០។ ដល់ដើមឆ្នាំ២០២១ លោកត្រូវបានជ្រើសរើសជាក្រុមការងារលោក Keisuke Honda ក្នុងក្រុមជម្រើសជាតិកម្ពុជា៕