
អាស៊ីអឺរ៉ុបសហការជាមួយ FAFA ចែកបទពិសោធបាល់ទាត់ដល់យុវជន
ក្លិបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត បានរៀបចំកម្មវិធីសប្បុរស់ធម៌ និងចែករំលែកបទពិសោធនៃការលេងបាល់ទាត់លើទីលាន (Football Clinic) នៅកីឡដ្ឋាន អេអុីយូ ស្ព័តផាក ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០០២ ។
កម្មវិធីនេះមានយុវជនចូលរួមជាង១០០នាក់ ដែលជាអ្នករស់នៅក្នុងមូលដ្ឋានឃុំស្វាយជ្រំ និងក្មេងៗរស់នៅជិតកីឡដ្ឋានបាក់ទាត់ អេអុីយូ ស្ព័តផាក នោះតែម្តង។
លោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត បញ្ជាក់ថា គោលបំណងនៃការបង្កើតកម្មវិធីនេះគឺដើម្បីផ្សព្វផ្សាយក្រុមហ៊ុន FAFA ដែលជាដៃគូរសហការធំរបស់ក្លិបនៅរដូវកាលឆ្នាំ២០២២ តាមរយៈការងារសង្គម ម៉្យាងទៀតដើម្បីចែករំលែកបទពិសោធរបស់រៀមច្បងទៅកាន់យុវជនដែលជាទំពាំងស្នងឫស្សីនៃគ្រួសារបាល់ទាត់កម្ពុជា។
លោក សុក វាសនា សង្កត់ធ្ងន់ថា បាល់ទាន់មិនមែនមានតែបាល់មួយគ្រប់គ្រាន់ទេ គឺវាទាមទារការលេងឲ្យបានត្រឹមត្រូវជំនាញ បច្ចេកទេស និងបាល់ទាត់សម័យទំនើប។ ដូច្នេះក្នុងកម្មវិធីនេះក្រុមការងារបានបង្ហាត់ពីមូលដ្ឋានគ្រឹះ មានដូចជា ការរៀបចំដំបូងនៃការកម្តៅសាច់ដុំត្រឹមត្រូវ ទី២ ចលនា រហ័សរហួន និងទី៣ បង្រៀនពីរបៀបបញ្ជូន និងទទួលបាល់ដំបូងដែលជាផ្នែកមួយនៃមូលដ្ឋានគ្រឹះបាល់ទាត់។
គ្រូបង្វឹកដដែលបន្ថែមថា ការលេងកីឡា មិនត្រឹមធ្វើឲ្យមានសុខភាពល្អនោះទេ វាអាចនាំមកនូវមិត្តភាព សាមគ្គីភាព និងជាចំណែកមួយក្នុងការចូលរួមជួយដល់សង្គម និងអាចជួយយុវជនចេញឆ្ងាយពីគ្រឿងញៀន៕