ក្រុមស៊ើបអង្កេតឯករាជ្យបង្ហាញកត្តាម៉ាឡេស៊ីបរាជ័យនៅ AFF Cup 2020
មូលហេតុក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបរាជ័យក្នុងព្រឹត្តិការណ៍ AFF Cup 2020 កន្លងទៅត្រូវបានទីភ្នាក់ងារស៊ើបអង្កេតឯករាជ្យមួយចង្អុលបង្ហាញថា ដោយសារកត្តាសំខាន់ពីរគឺការបែងចែក និងកង្វះភាពសុខដុមក្នុងក្រុម។
ប្រធានទីភ្នាក់ងារស៊ើបអង្កេតឯករាជ្យ លោក Dell Akbar Khan បាននិយាយថា ក្រុមម៉ាឡេស៊ីត្រូវបានបែងចែកជា៣ក្រុម ដោយមានកីឡាករក្នុងស្រុក,កីឡាករចូលសញ្ជាតិ និងកីឡាករស្នូល។ ពួកគេបានបង្កើតជាក្រុមផ្ទាល់ខ្លួននៅពេលក្រុមម៉ាឡេស៊ីធ្វើដំណើរទៅប្រទេសសិង្ហបុរីសម្រាប់ពាន AFF Cup។
ទីភ្នាក់ងារស៊ើបអង្កេតក៏បានរកឃើញថាពេលវេលារៀបចំមិនគ្រប់គ្រាន់ទេ។ ជាក់ស្តែងក្រុមម៉ាឡេស៊ីមានពេលតែមួយថ្ងៃប៉ុណ្ណោះក្នុងការប្រមូលផ្តុំកីឡាករបានពេញសាច់មុនពេលចាកចេញទៅកាន់ប្រទេសសិង្ហបុរី ដែលរួមចំណែកធ្វើឲ្យពួកគេបរាជ័យក្នុងការឆ្លងផុតវគ្គចែកពូល។
គួររំឭកថា ម៉ាឡេស៊ី បញ្ចប់នៅលេខ៣ពូល B ដោយឈ្នះកម្ពុជា និងឡាវ តែចាញ់វៀតណាម និងឥណ្ឌូនេស៊ី។ បរាជ័យនេះក៏ធ្វើឲ្យគ្រូបង្គោល Tan Cheng Hoe លាឈប់ពីតំណែងផងដែរ។
ម៉ាឡេស៊ីបានតែតាំងគ្រូបង្គោលថ្មីឈ្មោះលោក Kim Pan-gon ជនជាតិកូរ៉េខាងត្បូងដែលធ្លាប់ជាគ្រូបង្គោលហុងកុង៕